ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញចុះពិនិត្យសាលារៀនមួយចំនួននៅខេត្តកំពង់ធំដែលបានបើកឱ្យសិស្សានុសិស្សចូលរៀនឡើងវិញ នៅថ្ងៃដំបូងបន្ទាប់ពីបានបិទក្នុង រយៈពេលកន្លងមក

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃ៥រោច ខែភទ្របទឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញចុះពិនិត្យសាលារៀនមួយចំនួននៅខេត្តកំពង់ធំដែលបានបើកឱ្យសិស្សានុសិស្សចូលរៀនឡើងវិញ នៅថ្ងៃដំបូងបន្ទាប់ពីបានបិទក្នុង  រយៈពេលកន្លងមកដោយសាជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិស្សានុ សិស្ស ឱ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រ រក្សាអនាម័យផ្ទាល់ខ្លួន អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ហើយត្រូវពាក់ម៉ាសជានិច្ច។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំមានប្រសាសន៍លើកឡើងនៅវិទ្យាល័យជាស៊ីម ប្រឡាយ ឃុំប្រឡាយស្រុកស្ទោ ងខេត្តកំពង់ធំ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ថា ថ្ងៃនេះគ្រឹះស្ថានសិក្សាសាធារណៈជិត៨០០កន្លែងក្នុងខេត្ត នឹងបើកឱ្យដំណើរការឡើងវិញ។ លោកបានបញ្ជាក់ថា ក្នុងចំណោមគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋចំនួន ៧៨៩កន្លែង ក្នុងខេត្តកំពង់ធំ មានកម្រិតមត្តេយ្យសិក្សាចំនួន២០៧សាលា មានសិស្សសរុប ១០.៥៥៣នាក់ ស្រី ៥.៣០៥នាក់ កម្រិតបឋមសិក្សាមានចំនួន ៤៩០សាលា មានសិស្សសរុប ៩៩.៨៥៧នាក់ ស្រី៤៨.៧៣១នាក់ និងកម្រិតមធ្យមសិក្សាមានចំនួន ៩២សាលា មានសិស្សសរុប ៤៦.១៣៨នាក់ ស្រី ២៥.៤៥៥នាក់។

ជាមួយនឹងការចូលរៀននៅតាមសាលាឡើងវិញនេះ លោកប្រធានមន្ទីរអប់រំ បានណែ នាំដល់សាលារៀនទាំងអស់ ឱ្យអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពី គោលការណ៍ប្រតិបត្តិការស្តង់ដារសម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទជំងឺកូវីដ-១៩ ដោយឱ្យសិស្សក្នុងសាលាតាមវេន និងតាមក្រុមនីមួយៗមិនលើសពី១៥ទៅ២០នាក់ឡើយ។ គឺទី១-ដើម្បីសុវត្ថិភាពរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ។ ទី២-ដំណើរការរៀនសូត្រប្រកបដោយគុណភាពហើយត្រូវរៀបចំតុសិស្សឱ្យមានគម្លាតឆ្ងាយពីគ្នា។

ជាមួយគ្នានេះដែរគ្រប់សាលាទាំងអស់ត្រូវមានសម្ភារមួយចំនួន ដូចជាកន្លែងលាងដៃម៉ាស ទឹកអាល់កុល សាប៊ូជាដើម ហើយនៅក្នុងបរិវេណសាលាត្រូវស្អាតជានិច្ច។ សាលារៀននីមួយៗ ត្រូវគោរពតាមស្តង់ដារ sop ( គោលការណ៍ប្រតិបត្តិស្តង់ដារ)។ លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់បង្រៀនសិស្សានុសិស្ស ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះដែរ លោក តាន់ ប៊ុនហុង បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការធ្វើយ៉ាងណាឱ្យសាលារៀនយើងដំណើរការប្រកបដោយសុវត្ថិភាព និងប្រកបដោយគុណភាព ។ ជាពិសេសចូលរួមយកចិត្តទុកដាក់អប់រំកូនចៅ ជួយទំនុកបម្រុងកូនចៅដោយមានម៉ាស ម្ហូបអាហារ ទឹកស្អាត ព្រោះថា ក្រសួងអប់រំ មិនអនុញ្ញាតឱ្យលក់ចំណីអាហារក្នុងសាលារៀនឡើយ។

​លោកតាន់ ប៊ុនហុងបញ្ជាក់ថា ឆ្នាំសិក្សា២០១៩– ២០២០នេះ យើងដំណើរការរហូតដល់ខែធ្នូ ហើយឆ្នាំសិក្សាថ្មីចាប់ដំណើរការនៅខែមករាខាងមុខនេះ។ ដោយឡែកសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ត្រូវប្រឡងបញ្ចប់នៅពេលខាងមុខនេះ។

គួររម្លឹកថា រាជរដ្ឋាភិបាលបានប្រកាសបិទសាលារៀនទាំងអស់នៅទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមីនាកន្លងទៅ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងជាបន្តបន្ទាប់ស្តីពីដំណើរការបើកសាលារៀនឡើងវិញ ជាបីដំណាក់កាល រួមមាន៖ ដំណាក់កាលទី១-សាលារៀនមានស្តង់ដារសុវត្ថិភាពខ្ពស់ ។ ដំណាក់កាលទី២–សាលារៀនមានស្តង់ដារមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដារអប្បបរមា៕

Leave a Reply

Your email address will not be published. Required fields are marked *