សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា សម្តេចតែងតែជោគជ័យស្ទើរគ្រប់រឿងជារៀងរហូតមក តែសម្តេចមិនប្រកាសថាសម្តេចជាគ្រូជោគជ័យនោះឡើយ។ ថ្លែងនាឱកាសអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី នៅទូទាំងប្រទេសចំនួន ១ ៥០០ នាក់ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ក្នុងជីវិតនយោបាយរបស់ខ្ញុំ ខ្ញុំតែងតែ ជោគជ័យជារៀងរហូតមក តែអ្វីដែលហៅថាចាញ់នោះគឺមាន ចំណុចដែលខ្លួនចាញ់ឧទាហរណ៍ធ្វើអ្វីមិនជោគជ័យ ត្រូវកែវាដើម្បីឈានទៅរកជោគជ័យ។ ប៉ុន្តែក្នុងន័យនយោបាយនិងក្នុងក្របខណ្ឌទូទៅ ចេញដំណើរពីការតស៊ូរំដោះជាតិ ២០ មិថុនា ១៩៧៧ ខ្ញុំជាអ្នកជោគជ័យមួយក្នុង ចំណោមអ្នកជោគជ័យនៅលើពិភពលោក ពីប្រទេសមួយដែលមានការបែកបាក់សង្រ្គាមជាចម្រៀកៗ ទៅជាប្រទេសមួយដែលមានការឯកភាពជាតិ ដោយគ្មានប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់។ ខ្ញុំយកក្បាលរបស់ខ្ញុំទៅដូរជាមួយនឹងសន្តិភាពក៏ប្ដូរជាមួយនឹងការរស់រានមានជីវិតទៅប្ដូរនឹងកំណែទម្រង់ទាំងឡាយដើម្បីការអភិវឌ្ឍសេដ្ឋនកិច្ចសង្គមនេះជោគជ័យ។ តែខ្ញុំមិនទាន់ប្រ កាសថាជាគ្រូជោគជ័យទេហើយក៏មិនទាន់អាចទៅបង្រៀនអ្នកដទៃពីភាពជោគជ័យនោះដែរ។
សម្តេចតេជោបានជំរុញលើកទឹកឱ្យបន្តមានការបង្ហាត់បង្រៀន បណ្តុះផ្នត់គំនិតវិជ្ជមាន និងជោគជ័យដល់ស្រទាប់មហាជនខ្មែរតែក៏ត្រូវចៀសវាងនូវពាក្យពេចន៍ខ្លះៗ ដែលមានភាពរសើប និងបង្កបញ្ហាដល់សង្គម ហើយត្រូវខំរៀនឱ្យបានច្រើននូវអក្សរសាស្ត្រខ្មែរ និងរបៀបនិយាយ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ បញ្ហារបៀបនិយាយទៀតសោត ខ្ញុំសុំផ្ដាំ ដំបូងបំផុតត្រូវដឹងថាអ្នកណាអង្គុយពីមុខ ដើម្បីចៀសវាងមិនល្អ យើងគួរត្រូវតែដឹងថាអ្នកណាដែលអត់នៅអង្គុយពីមុខយើង។ សូមជម្រាបថា ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ គឺបន្ទាប់ពីថ្មីៗនេះមានបុគ្គលមួយចំនួនដែលតាំងខ្លួនជាគ្រូជោគជ័យ ចែករំលែកគំនិតរបស់ពួកគេដល់មហាជន ហើយថែមទាំងបង្កឱ្យមានមតិរិះគន់ ដោយសារតែការនិយាយរបស់ខ្លួនបង្កើតឱ្យមានការប្រៀបធៀបរវាងអ្នកមាន និងអ្នកក្រ ព្រមទាំងការបែងចែកវណ្ណៈនៅក្នុងសង្គម ក្រោយរងប្រតិកម្មពីមហាជនគ្រូជោគជ័យទាំងនោះបានដឹងកំហុសនិងប្រកាសសូមទោសជាសាធារណៈផងដែរ។