ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

បណ្ណាល័យព្រឹទ្ធសភាបានសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបាន រៀបចំបាឋកថាស្តីពីការឈ្វេងយល់ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ក្រោមការគាំទ្រពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានិងស្ថានទូតចិនប្រចាំកម្ពុជានារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បណ្ណាល័យព្រឹទ្ធសភាបានសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបាន រៀបចំបាឋកថាស្តីពីការឈ្វេងយល់ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយមានវាគ្មិនចំនួន៤រូប និងអ្នកចូលរួមដែលជាមន្ត្រីរាជការមកពីព្រឹទ្ធសភា រដ្ឋសភា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជននិងកីឡា តំណាងសង្គមស៊ីវិលកម្ពុជានិងចិន ព្រមទាំងអ្នកយកព័ត៌មានជាតិនិងអន្តរជាតិសរុបចំនួន៤០រូប។ ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជា និងក្នុងនាមឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានអបអរសាទរព្រឹត្តិការណ៍នេះ និងបានណែនាំយ៉ាងលម្អិតអំពីសាវតារនិងសកម្មភាពអបអរសាទរសំខាន់ៗនៃទិវាបុណ្យជាតិដែលជាថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ លោក Wu Chuanbing បានសង្កត់ធ្ងន់ថា ចិននិងកម្ពុជាមានភូមិសាស្ត្រក្បែរគ្នា វប្បធម៌ស្រដៀងគ្នា ប្រជាជនមានភាពស្និទ្ធស្នាលនឹងគ្នា គឺជាអ្នកជិតខាងនៃចំណងមិត្តភាពជាប្រពៃណី និងជាសហគមន៍វាសនារួមប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។ ក្រោមការដឹកនាំរួមគ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន-កម្ពុជារក្សាបាននូវការអភិវឌ្ឍន៍កម្រិតខ្ពស់ ហើយបច្ចុប្បន្នក៏កំពុងស្ថិតក្នុងសម័យកាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ភាពត្រចះត្រចង់នៃទំនាក់ទំនងចិន-កម្ពុជានាពេលអនាគត គឺអាស្រ័យទៅលើការចូលរួមនិងការបង្កើតពីគ្រប់មជ្ឈដ្ឋាននៃប្រជាជនទាំងពីរប្រទេស រួមទាំងអ្នកទាំងអស់គ្នាផងដែរ។ «ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍របស់ចិន និទានរឿងទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជា បន្តផ្សព្វផ្សាយគោលបំណងនិងថាមពលវិជ្ជមាននៃចំណងមិត្តភាពរវាងប្រទេសទាំងពីរគ្រប់ជំនាន់ ធ្វើជាអ្នកបន្តវេនដ៏ស្មោះ អ្នកការពារដ៏មុតមាំ និងអ្នកស្នងទទួលដ៏រឹងមាំសម្រាប់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ។» លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរំលេចពីសមិទ្ធផលនៃគំរូភាពក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈជំនួយហិរញ្ញវត្ថុនិងបច្ចេកទេសពីសង្គមស៊ីវិលប្រទេសចិន ដែលត្រូវបន្តពង្រីកបន្ថែមទៀតនូវគំរូភាពនៃភូមិបែបនេះកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។ ដោយឡែក លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភាបានបង្ហាញពីជំនួយរបស់ចិនក្នុងការចូលរួមបង្កើនបរិមាណអ្នកអាន អ្នកសិក្សាតាមរយៈការកសាងអគារនិងការបន្តកែលម្អសោភណភាពរបស់បណ្ណាល័យ ដើម្បីជាប្រយោជន៍ដល់អ្នកអានក្នុងការឈ្វេងយល់កាន់តែស៊ីជម្រៅពីប្រទេសចិននិងពិភពលោក។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរំលេចពីសមិទ្ធផលរយៈពេល៧៣ឆ្នាំរបស់សាធារណរដ្ឋប្រជាមានិតចិនដោយបានគូសបញ្ជាក់បន្ថែមពីវីរភាពដឹកនាំរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតាមរយៈសៀវភៅអភិបាលកិច្ចប្រទេសចិនភាគ៤ថា សព្វថ្ងៃនេះ ប្រទេសចិនកាន់តែខិតជិត កាន់តែមានទំនុកចិត្ត និងកាន់តែមានសមត្ថភាពសម្រេចគោលដៅនៃការស្តារភាពអស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ដែលនេះជាការបន្តមហាដំណើរដើម្បីសម្រេចបានការកសាង សង្គមនិយមទំនើបកម្មមួយដែលមានភាពរីកចម្រើន រឹងមាំ ប្រជាធិបតេយ្យ សុខដុមនីយកម្ម វប្បធម៌ជឿនលឿន និងមានភាពស្រស់ស្អាត។ អង្គពិធីទាំងមូលបានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ឆ្នាំថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិនដែលកំពុងដើរតួនាទីយ៉ាងសំខាន់និងជាស្នូលនៃការរក្សាបានសុខសន្តិភាពនិងការអភិវឌ្ឍសកល និងការកសាងសហគមន៍ជោគវាសនារួម ហើយអង្គពិធីក៏បានឯកភាពនិងយល់ស្របគ្នាថាមាគ៌ាឆ្ពោះទៅផ្លូវសុភមង្គលរបស់ប្រទេសនីមួយៗមិនដូចគ្នាទេ ប្រជាជនមកពីគ្រប់ប្រទេសមានសិទ្ធិជ្រើសរើសផ្លូវអភិវឌ្ឍន៍ និងប្រព័ន្ធគ្រប់គ្រងដោយខ្លួនឯង នេះជាអត្ថន័យនៃសុភមង្គលល្អរបស់មនុស្សជាតិ។

Leave a Reply

Your email address will not be published. Required fields are marked *