ព័ត៌មានជាតិ របាយកាណ៍ទូទៅ

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា​ខេត្ត និងលោក​ជំទាវ អមដំណើរដោយថ្នាក់ដឹកនាំ សមាជិក-សមាជិកា ជាច្រើននាក់

  នាព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញនាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេន ព្រះសង្ឃ ​​នៅវត្តឧត្តមបរមនិវាសម្កាក់ នៅភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ​​ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៦ យាងចូល៨៧ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ។ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុំរាត្រី តាងនាមឱ្យគណៈកិត្តិយស សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ទូទាំង ខេត្តបន្ទាយមានជ័យបានសម្តែងនូវកត្តញ្ញូតាធម៌ដ៏ស្មោះស្ម័គ្របំផុត ចំពោះព្រះគុណូបការៈ ដ៏ឧត្តុង្គឧត្តម និងទឹកព្រះទ័យប្រកបដោយព្រះព្រហ្មវិហារធម៌របស់ព្រះអង្គ ដោយបានលះបង់ ព្រះកាយពល បញ្ញាញាណ និងព្រះរាជទ្រព្យផ្ទាល់របស់ទ្រង់ ក្នុងវិស័យ សង្គមកិច្ច មនុស្សធម៌ សុខុមាលភាព និងយាងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងនៃជំងឺកូវីដ១៩ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ។

សូមថ្វាយព្រះសព្ទសាធុការពរ ដ៏បវរមហាប្រសើរ ថ្វាយ​​សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាព ដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ ដល់កូនចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ។

ក្នុងពិធីនោះ បន្ទាប់ពី​​ព្រះសង្ឃ​ បានសូត្រពុទ្ធជ័យមង្គលចម្រើនព្រះបរិត្តទៅតាម ទំនៀមទម្លាប់ ប្រពៃណី សាសនារួចមក ​ឯកឧត្តម អ៊ុំ រាត្រី និងលោក​ជំទាវ ព្រមទាំង ថ្នាក់ដឹកនាំបានអញ្ជើញវេរភត្តហារប្រគេនព្រះសង្ឃ និងចែកជូនអំណោយដល់យាយ ជីតាជីចូលរួមក្នុងពិធីនេះផងដែរ​។

Leave a Reply

Your email address will not be published. Required fields are marked *