ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ត្រៀមទីកន្លែងសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់សមាជិកអតីតយុទ្ធជនរួចរាល់ហើយ

សមាគមអតីតយុទ្ធជនកម្ពុជាបានត្រៀមទីកន្លែងសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់សមាជិកអតីតយុទ្ធជនរួចរាល់ហើយ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍កាន់តែច្រើន ។

ក្នុងកិច្ចប្រជុំពិភាក្សាការងារ បន្ទាន់មួយ ដើម្បីប្រុងប្រៀប រៀបចំទីកន្លែង និងក្រុមគ្រូពេទ្យជំនាញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់សមាជិកអតីតយុទ្ធជននៅទូទាំងប្រទេស អនុគណ:កម្មការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ ១៩ របស់សមាគមអតីត យុទ្ធជនកម្ពុជា បានបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ សមាគម បានរៀបចំត្រៀមទីកន្លែង និងមុខ សញ្ញា សមាជិកអតីតយុទ្ធជន សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់សមាជិកអតីតយុទ្ធជនរួចរាល់ហើយ ដែលការងារនេះនឹងត្រូវធ្វើឡើងសម្រាប់រាជធានីភ្នំពេញចាប់ពីថ្ងៃទី០៧ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅមន្ទីពេទ្យព្រះកេតុមាលា ហើយបន្ដការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ជូនដល់សមាជិកអតីតយុទ្ធជនតាមបណ្តាខេត្តគោលដៅហានិភ័យខ្ពស់បន្តបន្ទាប់ ចំនួន៧ ទៀតរួមមាន៖ ខេត្តកោះកុង , ខេត្តព្រះសីហនុ , ខេត្តកណ្តាល , ខេត្តព្រៃវែង , ស្វាយរៀង , ត្បូងឃ្មុំ និងខេត្ត សៀមរាប។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាមានប្រសាសន៍ថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូន ដល់អតីតយុទ្ធជននៅទូទាំងប្រទេស។ឯកឧត្ដម គន់ គីម បានបញ្ជាក់ថា ក្រុមការ ងារដែលរៀបចំចាក់វ៉ាក់សាំងជូនដល់បងប្អូនសមាជិកអតីតយុទ្ធជននេះ ដោយមើល ឃើញថា សមាជិកអតីតយុទ្ធជនគឺជាក្រុមគោលដៅមួយអាចប្រឈមមុខងាយរងគ្រោះ និងមានហានិភ័យផងដែរ ដូច្នេះប្រមុខរាជរដ្ឋាភិបាល បានកំណត់ថា សមាជិកអតីតយុទ្ធជនក៏មានអាទិភាព ក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ផងដែរ។

ឯកឧត្ដម បានបញ្ជាក់ថា នេះ គឺជាការយកចិត្ដទុកដាក់គិតគូរចំពោះសុខុមាលភាពសម្រាប់សមាជិកអតីតយុទ្ធជនពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈនៃ​ការផ្ដល់វ៉ាក់សាំងនេះឱ្យបានទាន់ពេលវេលា ។

ឯកឧត្តម គន់ គីម ក៏បានណែនាំដល់មេបញ្ជាការ មេបញ្ជាការរង ដែលជាប្រធាន អនុប្រធានសមាគមអតីតយុទ្ធជនថ្នាក់ខេត្តទាំងអស់ត្រូវផ្សព្វផ្សាយដល់សមាជិក​អតីត​យុទ្ធជនពេលអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ត្រូវអនុវត្តន៍ឱ្យបានតាមការណែនាំ របស់ក្រសួងសុខាភិបាល គឺវិធានការ ៣កុំ ៣ការពារ ។

ឯកឧត្តម បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩នេះ គឺផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ មកក្នុងសហគមន៍​បន្ថែមទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *