ព័ត៌មានជាតិ

​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ចប់​ការជួសជុល​ប្រាសាទដំរីក្រាប នៅលើ​ភ្នំ​គូលែន​ហើយ បន្ទាប់ពី​ប្រាសាទ​នេះ​មាន​ខឿន​ពុកផុយ និង​ស្រុត​ផ្នែក​ខាងលិច​

​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ចប់​ការជួសជុល​ប្រាសាទដំរីក្រាប នៅលើ​ភ្នំ​គូលែន​ហើយ បន្ទាប់ពី​ប្រាសាទ​នេះ​មាន​ខឿន​ពុកផុយ និង​ស្រុត​ផ្នែក​ខាងលិច​។ រីឯ​ជញ្ជាំង​មាន​ប្រេះ​ហែក​ជាច្រើន​កន្លែង ស៊ុមទ្វារ​ខាងកើត​បម្រុង​ជ្រុះ​ធ្លាក់ និង​មានការ​ពុកផុយ​ផ្នែក​ខ្លះ​នៃ​ដំបូល​។

​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹង​កាលពី​ថ្ងៃ​១០​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែធ្នូ ឆ្នាំ​២០២០​ថា ការខូចខាត​ទាំងនេះ​បណ្តាលមកពី​កត្តា​មនុស្ស ធម្មជាតិ និង​អាយុកាល ដែលជា​មូលហេតុ​ចម្បង ដូចជា​៖ មាន​ជនខិលខូច​ជីក​កកាយ​គ្រឹះ​ប្រាសាទ ឫស​ឈើ​ដុះ​ចាក់​ហែក​ខឿន ជញ្ជាំង និង​ដំបូល​ប្រាសាទ ហើយ​ដើមឈើ​ខ្លះទៀត​រលំ​សង្កត់​លើ​តួ​ប្រាសាទ​។​

​លោក ឡុង កុសល បានឱ្យដឹង​ទៀតថា ក្នុង​ការងារ​ជួសជុល​ប្រាសាទ​នេះ ក្រុមការងារ​បាន​ពង្រឹង​ខឿន​ដែល​ពុកផុយ​នៅ​ជ្រុង​ទាំង​៤ រៀប​ពង្រឹង​ខឿន​ផ្នែក​ខាងលិច​ដែល​ស្រុត ចាក់​ថ្នាំ​សម្លាប់​កូន​រុក្ខជាតិ និង​សម្អាត​ឫស​ដើមឈើ​ដែល​ដុះ​លើ​ជញ្ជាំង និង​ដំបូល​ប្រាសាទ ដើម្បី​បញ្ឈប់​ការលូតលាស់​របស់​ដើមឈើ​បន្តទៀត​។

​លោក ឡុង កុសល បាន​បញ្ជាក់ថា ក្រុមការងារ​ក៏បាន​ជួសជុល​ពង្រឹង​ផ្នែក​ដំបូល ស៊ុមទ្វារ​ខាងកើត ជ្រុង​ប្រាសាទ​នៅ​រួត​ទី​១ និង​ទី​២ ដំឡើង​សសរ​ពេជ្រ​ចូល​ទីតាំង​ដើម​វិញ និង​រើ​រៀប​ពង្រឹង​កាំជណ្តើរ​ខាងមុខ បិទ​ភ្ជិត​ជញ្ជាំង​ប្រេះ​ហែក ពុកផុយ រៀប​បំពេញ​ក្បាលសសរ​ផ្អោប​ខាងកើត និង​ខាងលិច​ឡើងវិញ សម្អាត​ដី​នៅ​រួត​ទី​១ លុប​ថ្នក់ទឹក និង​ធ្វើ​ចង្អូរ​រំដោះ​ទឹកភ្លៀង​ចេញពី​ប្រាសាទ​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *