ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យមន្ដ្រីជំនាញស្ដារប្រឡាយនៅមុខស្ថានីយបូមទឹកទួលគោកទី២ ដើម្បីពន្លឿនការរំដោះទឹកលិចលង់នៅរដូវវស្សានេះ

រាជធានីភ្នំពេញ ៖ នៅថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ដ្រីជំនាញស្ដារ ប្រឡា​យ​នៅមុខស្ថានីយបូមទឹកទួលគោកទី២ ដើម្បីពន្លឿនការរំដោះទឹកលិចលង់នៅក្នុងរដូវវស្សាឆ្នាំនេះ ខណៈសំណង់ស្ថានីយទួលគោកទី២ ត្រូវបានសាងសង់រួចរាល់។

ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ដ្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីចុះគ្រឿងចក្រជាបន្ទាន់ បន្ទាប់ពីភ្លៀងប៉ុន្មានមេជាប់ៗគ្នា ធ្វើឱ្យជំនន់ទឹកភ្លៀងលិចនៅតំបន់បឹងកក់ទី១, បឹងកក់ទី២ និងបឹងកក់ទី៣ ជាច្រើនម៉ោងនោះ។

ក្នុងឱកាសចុះពិនិត្យនោះឯកឧត្តមអភិបាលក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះរដ្ឋបាលរាជធានីភ្នំពេញកំពុងដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ ដោយបានកសាងបណ្តាញលូជាច្រើនខ្សែ ពិសេសថែមទៀតនោះ គឺការកសាងស្ថានីយបូមទឹកធំៗជាច្រើនកន្លែង ដែលមានសមត្ថភាពបូមទឹក៥ម៉ែត្រគូបក្នុង១វិនាទី គឺកើនឡើង៣ដង បើធៀបនឹងស្ថានីយបូមទឹកចាស់ៗ។ ជាក់ស្តែងសម្រាប់ថ្ងៃនេះ ដើម្បីជំរុញការងារខាងលើឱ្យបានល្អនិងទាន់ពេលវេលា រដ្ឋបាលរាជធានីភ្នំពេញបាន ចុះពិនិត្យស្ថានភាពប្រឡាយស្ថានីយទួលគោកទី២ ដើម្បីឱ្យមន្ដ្រីជំនាញចុះកាយស្ដារ ប្រឡាយ ក្នុងបំណងរំដោះការលិចលង់នៅតំបន់មួយចំនួនក្នុងខណ្ឌទួលគោក និងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញជាដើម។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះក៏បានណែនាំឱ្យមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជំរុញលើកគម្រោងការស្ថាបនាបុកស៊ីផាយ និងសាងសង់ផ្លូវជាប់ប្រឡាយស្ថានីយទួលគោកទី២ ដើម្បីរំដោះការលិចលង់ដោយត្រូវចាប់ ផ្តើមដំណើរការឱ្យបានឆាប់ ពោលគឺអាចចាប់ផ្តើមឱ្យលឿនកាន់តែល្អ។

ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវចុះមើលផ្លូវលូ កន្លែងណាដែលលិចតិចឬច្រើន ដើម្បីរកដំណោះស្រាយពីការលិចលង់នេះ។ ឯកឧត្តមបន្តថា ការស្ថាបនាបុកស៊ីផាយ និងសាងសង់ផ្លូវជាប់ប្រឡាយស្ថានីយទួលគោកទី២នេះ តាមគម្រោងមានតួប្រឡាយទំហំ១៣ម៉ែត្រ និងផ្លូវនៅជាប់មាត់ប្រឡាយទំហំ៥ម៉ែត្រ។ ចំណែកកំណាត់ផ្លូវរថភ្លើងចាប់ពីផ្លូវលេខ៧០(ទំនប់ទួលគោក) ដល់ផ្លូវR10 ក៏នឹងត្រូវស្ថាបនាជំនួសផ្លូវរថភ្លើងទំហំទទឹង១០ម៉ែត្រផងដែរ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ក្រោយពីស្ថាបនាប្រឡាយស្ថានីយទួលគោកទី២នេះរួច តំបន់មួយចំនួនដែលធ្លាប់លិចលង់នៅតំបន់សង្កាត់បឹងកក់ទី១ ទី២ និងទី៣ ខណ្ឌទួលគោក និងនៅសង្កាត់ ស្រះចក ខណ្ឌដូនពេញ នឹងលែងទទួលរងការលិចលង់ទៀតហើយ។

សូមបញ្ជាក់ថា ស្ថានីយបូមទឹកទួលគោកទី២នេះ ត្រូវបានបំពាក់ម៉ូទ័របូមទឹកចំនួន ៥គ្រឿង ដែលមានសមត្ថភាពបូម៥ម៉ែត្រគូបក្នុង១វិនាទី បន្តទៅប្រឡាយអូរបាក់ទូក ដោយចាប់ពីផ្លូវទំនប់៧០ រហូតដល់ផ្លូវបុរីទួលសង្កែប្រវែង៣៧០០ម៉ែត្រ ទទឹងចាប់ពី១០ម៉ែត្រ ទៅ៥០ម៉ែត្រ បច្ចុប្បន្ននេះត្រូវបានស្ថាបនារួចរាល់អាចរំដោះទឹក ចេញពីតំបន់ទួលគោក តំបន់ស្រះចក ខណ្ឌដូនពេញ និងតំបន់ទួលសង្កែ ឬអាចនិយាយបានថា អាចរំដោះទឹកពីភាគខាងជើងរាជធានីភ្នំពេញតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *