ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យក្រុមយុវជនស្ម័គ្រចិត្ត៣ក្រុម ដឹកនាំដោយលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុ​វ​ជននិងកីឡា ខេត្តព្រះសីហនុ ចូ​ល​ជួបសំដែងការគួរសម និង​សុំ​អ​នុ​សា​ស​ន៍ណែនាំ

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យក្រុមយុវជនស្ម័គ្រចិត្ត៣ក្រុម ដឹកនាំដោយលោ​ក​​ស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម និងសុំការណែនាំពី ឯកឧត្ត​ម​អ​ភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកស្រីអភិបាលរងខេត្ត និងនាយករដ្ឋបាលផងដែរ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រះសីហនុ បានជម្រាបជូនពីគោលបំណងរបស់ក្រុមយុវជនស្ម័គ្រចិត្តទាំង៣ក្រុមគឺ៖ ក្រុមទី១.សុខាភិបាល លើប្រធានបទ សហគមន៍ខ្ញុំពោរពេញដោយសមត្ថភាព។ ក្រុមទី២.កសិកម្ម ប្រធានបទ បណ្តុះបណ្តាលបែបប្រពៃណី។ ក្រុមទី៣.បរិស្ថាន ប្រធានបទ ទីក្រុងស្អាត បរិស្ថានស្អាត សេវាល្អ។

ឯកឧត្តម អភិបាលខេត្ត បានកោតសសើរនិងវាយតម្លៃខ្ពស់នូវស្មារតី នៃក្រុមយុវជនស្ម័គ្រចិត្ត ក៏ដូចជា មន្ទីរអប់រំយុវជននិងកីឡា ដែលមានគម្រោងផែនការសកម្មភាពរៀងៗខ្លួនដឹកនាំ ធ្វើសកម្មភាពលើប្រធានបទខាងលើ។ រដ្ឋបាលខេត្ត ឯកភាព នៃការរៀបចំផែនការសកម្មភាព និងការចុះធ្វើសកម្មភាពជាក់ស្តែងក្នុងសង្គម។ ការងារនេះគឺជាគម្រោងផែនការសមស្រប ច្រើនតែនៅមានចំណុចខ្វះខាតត្រូវធ្វើការកែលម្អ គឺធ្វើយ៉ាងណាឱ្យប្រជា​ពល​​រ​ដ្ឋក្នុងសហគមន៍យល់ដឹង និងចូលរួមក្នុងសក​ម្មភា​ពជាការសំខាន់។ យុវជនជាកម្លាំងស្នូលក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ ប្រទេសជាតិ។

ឯកឧត្តមអភិបាលខេត្តបន្តថា វិស័យទេសចរណ៍នាំមកនូវកំណើនសេដ្ឋកិច្ច ដោយមិនមានផលប៉ះពាល់, វិស័យឧស្សាហកម្មនាំមកនូវកំណើនសេដ្ឋកិច្ច ប៉ុន្តែវាមានផលប៉ះពាល់ដល់បរិស្ថាន, វិស័យកសិកម្ម នាំមកនូវកំណើនសេដ្ឋកិច្ចដូចគ្នា។ ខេត្តព្រះ​​សីហនុមានសក្តានុពលដូចជា ឆ្នេរសមុទ្រ, ព្រលានយន្តហោះ, កំពង់ផែស្វ័យតក្រុងព្រះសីហនុ ទឹកជ្រៅ ទាមទារឱ្យយើ​ង​ទាំងអស់គ្នាប្រើប្រាស់ធនធានសក្តានុពលធម្មជាតិ ឱ្យអស់លទ្ធភាពក្នុងការកសាង និងអភិវឌ្ឍខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាដល់យុវជនទាំង៣ក្រុម ក្នុងមួយក្រុមទទួលបានថវិកា ២លានរៀល៕

 

Leave a Reply

Your email address will not be published. Required fields are marked *