ខេត្តស្ទឹងត្រែង៖ តាមប្រភពពីប្រជាពលរដ្ឋខេត្តស្ទឹងត្រែងរាយការណ៍មកថា បច្ចុប្បន្ននេះមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ឈើទាំងនោះត្រូវបានមេឈ្មួញខាងលើ កាប់នៅខាងក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ហើយដឹកជញ្ជូនចូលក្នុងបរិវេណបាតអាងដើម្បីឲ្យក្លាយទៅជាឈើស្របច្បាប់។
ការដែលមេឈ្មួញនេះ ហ៊ានប្រព្រឹត្តបទល្មើសព្រៃឈើដោយរលូនបាន គឺមានការឃុបឃិតពីមន្ត្រីបរិស្ថានមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ហើយព្រៃឈើដែលនៅសេសសល់ក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង ចៀសមិនផុតពីវិនាសសាបសូន្យក្រោមស្នាដៃមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ឡើយ។បើតាមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា ការស្ថាបនាទំនប់វារីអគ្គិសនីសេសានក្រោម២ គឺជាឱកាសដែលមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងបក្ខពួកបំផ្លាញព្រៃឈើក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង យ៉ាងពេញបន្ទុកតែម្តង។ ជាក់ស្ដែងទោះបីនៅក្នុងតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មបន្តទៀតក៏ដោយ ក៏មេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នៅសល់ឈើរាប់ពាន់រាប់ម៉ឺនម៉ែត្រគូបក្នុងឃ្លាំងដើម្បីត្រៀមដឹកជញ្ជូនចេញទៅស្រុកយួននិងចេញទៅតាមបណ្ដាខេត្តមួយចំនួនយ៉ាងរលូន។សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានឲ្យដឹងថា រយៈពេលប្រមាណ១ខែកន្លងទៅនេះមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ដឹកជញ្ជូនឈើតាមរថយន្តប្រភេទវ៉េអងចេញពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ រាប់សិបគ្រឿងព្រោះឈ្មួញរូបនេះអាងមានខ្នងបង្អែករឹងមាំ។ ប្រភពបានឲ្យដឹងទៀតថា មួយផ្នែកធំនៃឈើដែលមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ដឹកជញ្ជូនចេញពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ គឺដឹកចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងកក្រើកខណៈប្រជាពលរដ្ឋក្នុងស្រុកសេសាន និងស្រុកសេសាន បានអំពាវនាវយ៉ាងទទូចដល់ប្រមុខរាជរដ្ឋាភិបាល គួរចាត់វិធានការទប់ស្កាត់សកម្មភាពបំផ្លាញព្រៃឈើរបស់មេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ាជ័យជាបន្ទាន់បើពឹងលើស្តេចត្រាញ់ខេត្តព្រៃឈើនៅជុំវិញតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ នឹងវិនាសសាបសូន្យជាក់ជាពុំខាន។
គួររំលឹកផងដែរថាកាលពីយប់ថ្ងៃទី២៤ខែមករាលោកម៉ុមសារឿនអភិបាលនិងជាគណៈបញ្ជាឯកភាពខេត្តស្ទឹងត្រែងបានបញ្ជាកងកម្លាំងប្រដាប់អាវុធដែលដឹកនាំដោយលោកវរសេនីយ៍ឯកវ៉ាសុផាន់នាយការិយាល័យផែនប្រឆាំងបទល្មើសបានចុះប្រតិបត្តិការបង្រ្កាបអ្នកកាសែតនៅតាមដងផ្លូវជាតិលេខ៧និងផ្លូវជាតិលេខ៧៨ត្រង់ចំណុចអូរពងមាន់ចំនួន៧នាក់ខណៈអ្នកកាសែទាំងនោះជាឆ្អឹងទទឹងកនឹងជាអ្នកបំផ្លាញផលប្រយោជន៏មន្រ្តីពុករលួយខេត្តស្ទឹងត្រែងដែលធើ្វឲ្យរាំងស្ទៈដំណើរការដឹកជញ្ជូនឈើទៅយួន។សូមបញ្ជាក់ផងដែរថាសម្ដេចសខេងក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពនិងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅខេត្ត បាត់ដំបង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មានប្រសាសន៍ថា “ទាក់ទងទៅនឹង ការគេថតផ្កាយរណបអត់មានលាក់អីជិតទេ គេឡាយឲ្យយើងមើលហ្មង៎! អាដឹកឈើនៅទីណា ចេញពី ទីណា គេឡាយឲ្យមើលហ្មង៎!។បើតាមដឹងនៅមណ្ឌលគីរីឥឡូវសូមផ្ដាំទៅអភិបាលខេត្តមណ្ឌលគីរី សូមឲ្យមើលបើមិនមើលចៅហ្វាយខេត្តហ្នឹង! ក៏មានរឿងដែរ មិនត្រឹមតែមើលទេ គឺដោះស្រាយ”។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបន្ដថា រហូតដល់ពេលនេះ ការប្រមូលឈើនៅតំបន់បាតអាងខេត្តស្ទឹងត្រែង ប្រមូលលែងបានហើយ ខណៈបាតអាងមានទឹកជ្រៅជាង៧០ម៉ែត្រ។
សម្ដេចថា មានជនខិលខូច មួយចំនួនបានយកលេសថា ទៅសំអាតបាតអាង។ប៉ុន្ដែផ្ទុយទៅវិញ នាំគ្នាទៅកាប់ព្រៃឈើនៅតំបន់ផ្សេងៗ ហើយយកមកដាក់លាក់នៅបាតអាង ស្របពេលវារីអគ្គិសនីបានសាងសង់រួចរាល់ផងដែរ។ជាមួយគ្នានេះដែរ សម្ដេច ស ខេង ក៏បានជំរុញឲ្យធ្វើវិសោនកម្មច្បាប់គ្រប់គ្រងព្រៃឈើ ដើម្បីការពារ ធនធានធម្មជាតិព្រៃឈើ ដែលមានផលប៉ះពាល់យ៉ាងខ្លាំង នាពេលបច្ចុប្បន្ន ព្រោះច្បាប់ការពារព្រៃឈើ ពុំបានផ្ដល់អំណាចដល់អាជ្ញាធរនិងសមត្ថកិច្ចដែនដីទេដែលជាហេតុធ្វើឲ្យជនខិលខូចមួយ ចំនួនកាប់ ឈើខុសច្បាប់ នាំចេញជាបន្តបន្ទាប់ធ្វើឲ្យប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា។សម្ដេចអះអាងថា នៅអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ សម្ដេចនឹងជំរុញការកែប្រែច្បាប់នេះជាចាំបាច់ដើម្បីផ្ដល់អំណាចដល់អាជ្ញាធរដែនដីសមត្ថកិច្ច រួមគ្នាទប់ស្កាត់ និងការពារព្រៃឈើកម្ពុជា។សូមរំលឹកថា ឆ្នាំ២០១៧ ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថានដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រ ភពអង់គ្លេស បានចេញរបាយការណ៍មួយមានចំណងជើងថា “ជនល្មើសមុខដដែល៖ជំនួញឈើខុស ច្បាប់របស់វៀតណាម”។ របាយការណ៍នេះបានឲ្យដឹងថា ឆ្នាំ២០១៦ដល់ឆ្នាំ២០១៧ ទំហំឈើ ប្រមាណ៣០ម៉ឺនមែត្រគូប ត្រូវបានលួចលាក់នាំចេញ និងធ្វើឲ្យស្របច្បាប់ ពីប្រទេសកម្ពុជាទៅវៀត ណាម។ សកម្មភាពកាប់ឈើខុសច្បាប់ ក៏កើតឡើងខ្លាំងផងដែរ នៅតំបន់ការពារក្នុងខេត្តរតនគិរី ដូចជា តំបន់ការពារសហគមន៍ក្នុងឧទ្យានវីរជ័យ ឧទ្យានជាតិអូយ៉ាដាវ និងតំបន់ជម្រកសត្វព្រៃលំផាត់៕