ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តកែប នាំយកអំណោយមក ផ្តល់ជូនក្រុមគ្រួសារសព លោក កុល សុខុម នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់ព្រៃធំ

ខេត្តកែប៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អមដំណើរដោយហការីជាច្រើនរូប ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយនឹងក្រុមគ្រួសារសព លោក កុល សុខុម នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់ព្រៃធំ និងបាននាំយកអំណោយរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនក្រុមគ្រួសារសព សម្រាប់ចាត់ចែងធ្វើបុណ្យទានតាមប្រពៃណីនៅឯលំនៅដ្ឋានសពផ្ទាល់ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

សូមជម្រាបដែរថា លោក កុល សុខុម អាយុ៥០ឆ្នាំ ជានាយប៉ុស្តិ៍រដ្ឋបាលនគរបាល សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានទទួលមរណភាពកាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ដោយរោគាពាធ ។

ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក្នុងឱកាសនោះ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ សួរសុខទុក្ខ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីចម្ងាយ ពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារសព លោក កុល​ សុខុម ជានាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃធំ ដែលទទួលមរណភាពដោយរោគាពាធ។

Leave a Reply

Your email address will not be published. Required fields are marked *