ព័ត៌មានជាតិ

ចំនួនអ្នកឆ្លង COVID-19 កើនដល់ ៨០,៧៣៥ករណី ក្នុងនោះ​៣,១​១៩​នា​​ក់ស្លាប់ និង៥៨,៦០០នាក់ជាសះស្បើយ នៅទូទាំងប្រទេសចិន

ប្រទេសចិន ៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៨០,៧៣៥ករណីហើយ ដោយនៅ​​ក្នុងនោះអ្នកជំងឺសរុប ៥៨,៦០០នាក់បានជះសះស្បើយ និងត្រឡប់ទៅផ្ទះវិញ ខណៈអ្នកជំងឺសរុប ៣,១១៩នាក់ទៀត បានស្លា​ប់​​បាត់បង់ជីវិត ។ នេះបើតាមការចេញផ្សាយដោយ  ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ  នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ ។

តាមតួលេខដែលត្រូវបានបញ្ចេញ ដោយគណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងទៀតថា នៅរយៈពេលមួយថ្ងៃអាទិត្យម្សិលមិញនេះ អ្នកជំងឺសរុប ១,៥៣៥នាក់បន្ថែមទៀតបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅក្នុងទឹកដីចិនជាពិសេសខេត្តហ៊ូប៉ី និងទីក្រុងវូហាន ។

បន្ថែមពីខាងលើនេះ នៅពេញមួយថ្ងៃអាទិត្យដដែល មនុស្សចំនួន ៤០នាក់បន្ថែមទៀតបានឆ្លងវីរុស COVID-19 និងអ្នកជំងឺ ២២នាក់បាត់បង់ជីវិត (២១នាក់នៅហ៊ូបី) ។ សម្រាប់តួលេខថ្មីៗដែលត្រូវបានបញ្ចេញជាផ្លូវការ ដោយអាជ្ញាធរសុខាភិបាលចិនខាងលើនេះ គឺបានបង្ហាញពីសញ្ញាធ្លាក់ចុះ កាន់តែខ្លាំងបន្ថែមទៀតនៃចំនួនអ្នកឆ្លង និងស្លាប់ដោយសារតែវីរុស COVID-19 នៅទូទាំងប្រទេសចិន ៕

Leave a Reply

Your email address will not be published. Required fields are marked *