ព័ត៌មានកីឡា

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហើយក៏ជាការបំពេញបេសកកម្មទៅក្រៅប្រទេសជាលើកដំបូងផងដែរក្នុងនាមជា នាយករដ្ឋមន្ត្រី នៃកម្ពុជា។

នៅក្នុងសារលិខិតអញ្ជើញ និងអបអរសាទររបស់ឯកឧត្តម Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជាទទួលបាននៅថ្ងៃនេះ បានគូសបញ្ជាក់ថា ក្រៅពីអបអរសាទរក្នុងការកាន់តំណែងជាផ្លូវការនាពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម Joko Widodo ក៏បានគោរពអញ្ជើញឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា នៅថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញានេះ ព្រមទាំងចូលរួមវេទិកាអាស៊ាន-ឥណ្ឌូ-ប៉ាស៊ីហ្វិក (ASEAN-INDO-PACIFIC) ក្រោមមូលបទ៖ ការអនុវត្តនូវចក្ខុវិស័យអាស៊ានទៅលើឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី០៥ និងថ្ងៃទី០៦ ខែកញ្ញាផងដែរ។ ឯកឧត្តមប្រធានាធិបតី ក៏បានជម្រាបជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ពីការអញ្ជើញសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀតផងដែរ ដោយយោងទៅលើការសន្មត់ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា បើយោងទៅលើកម្មវិធីបន្ទាប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសហរដ្ឋអាមេរិក នាចុងខែកញ្ញានេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *