ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព

សម្តេចតេជោ ហ៊ុន សែន ៖ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា​ សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជានៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជា​យើងនឹងចាប់ផ្ដើមនៅ ថ្ងៃព្រហស្បតិ​ ទី១​ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៤ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ​ ២ កើត ខែចេត្រ ឆ្នាំខាល​ ចត្វាស័ក ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី ២៣​ ខែមីនា ឆ្នាំ២០២៣។

ខ្ញុំសូមផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព​ សុខដុមនីយកម្មជាតិសាសន៍និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជាយើង។ ជាមួយគ្នានេះដែរ បន្ទាប់ពីបានខកខានរយៈពេល៣ឆ្នាំកន្លងមកដោយសារជំងឺកូវីដ-១៩​ ឆ្នាំនេះ​រាជរដ្ឋាភិបាល​នឹងរៀបចំឡើងវិញ​ នូវពិធីជួបជុំពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន​ របស់សាសនិកឥស្លាមកម្ពុជា​ ថ្នាក់ជាតិលើកទី៧​ ឆ្នាំ២០២៣​ ដែលមានការរៀបចំអ្នកចូលរួមប្រមាណជាង៦១០០នាក់។

ឆ្នាំនេះក៏មានមិត្តភក្ដិបរទេសបានមកចូលរួមក្នុងនិងក្រៅប្រទេសប្រមាណជាង ៥០០ នាក់ ពិសេស ឯកឧត្ដម Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី មកចូលរួមផងដែរ ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនខ្មែរឥស្លាមកម្ពុជាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩​ប្រកបដោយជោគជ័យ។

ទោះបីយើងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩​ក៏ដោយ​ ក៏ខ្ញុំសូមអំពាវនាវដល់បងប្អូន​ សុំបន្តការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយយើងមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ បើទោះជាមានការថមថយ ធូរស្រាលហើយក៏ដោយគឺត្រូវរួមគ្នាការពារជាប់ជានិច្ច ដោយសូមបងប្អូនបន្តអនុវត្តតាមវិធានការ​ ការពារ​ ខ្ញុំជាប់ជាប្រចាំ​ឱ្យបានខ្ជាប់ខ្ជួ​ន​ និងសូមអញ្ជើញបងប្អូនទៅចាក់វ៉ាក់សាំងដូសទី3-4-5និង ដូសទី 6 ដើម្បីប្រឆាំងជំងឺកូវីដ-១៩​ ដើម្បីបងប្អូន គ្រួសារបងប្អូន និងជាតិរបស់យើង ឱ្យបានគ្រប់ៗគ្នា។

Leave a Reply

Your email address will not be published. Required fields are marked *