ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDC) ហើយនឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤ ខណៈកម្ពុជាអាចចាកចេញពីចំណាត់ថ្នាក់ LDC នៅចុងឆ្នាំ ២០២៧ខាងមុខ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្រោមប្រធានបទ “Leaving No One Behind” និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅទីក្រុងដូហា ប្រទេសកាតា ពីថ្ងៃទី០៤-០៩ ខែមីនា ឆ្នាំ២០២៣ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងថា ប្រសិនបើអ្វីៗដំណើរការដោយរលូន ដែលការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្ដមរដ្ឋមន្រ្ដីអះអាងថា ទោះជាយ៉ាងណាក៏ដោយ ការចាកចេញពីចំណាត់ថ្នាក់ LDC នេះ នឹងនាំមកជាមួយបញ្ហាប្រឈមពាក់ព័ន្ធនឹងការបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួនដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្ន។ ឯកឧត្ដមរដ្ឋមន្ដ្រីក៏បានលើកឡើងអំពីការអនុម័ត និងការអនុវត្តផែនការសកម្មភាពទីក្រុងដូហា (DPoA) ដែលនឹងមានសារៈសំខាន់ក្នុងការធ្វើឱ្យដំណើរចាកចេញនេះមានភាពរលូន និងជួយពន្លឿនការសម្រេចបាននូវ SDGs របស់កម្ពុជា និងបំពេញបន្ថែមដំណាក់កាលបន្ទាប់នៃក្របខ័ណ្ឌផែនការអភិវឌ្ឍន៍របស់កម្ពុជា ពោលគឺផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិឆ្នាំ២០២៤-២០២៨។
ឯកឧត្ដមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាអនុវត្តន៍ផែនការសកម្មភាពទីក្រុងដូហា ដោយភ្ជាប់ខ្លួននឹងការវិនិយោគលើវិស័យសុខាភិបាល ការអប់រំ ប្រព័ន្ធគាំពារសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យមានលក្ខណៈប្រសើរឡើង រួមបញ្ចូល ភាពធន់ និងនិរន្តរភាព ជំរុញសេដ្ឋកិច្ចបៃតង និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានបញ្ជាក់អំពីតម្រូវការក្នុងការពង្រីកប្រភពហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍដោយវិធីពង្រីកដៃគូពាណិជ្ជកម្មកម្ពុជាបើកបណ្តាញសហប្រតិបត្តិការថ្មី ការស្វែងរកឧបករណ៍ហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការពង្រឹងយន្តការហិរញ្ញប្បទានបៃតង។
ឯកឧត្តមរដ្ឋមន្ដ្រីក៏បានលើកយកផែនការសកម្មភាពជាគន្លឹះទាំង៦ នៃ DPoA ដែលមានដូចជា (១) ការវិនិយោគលើមនុស្សក្នុងប្រទេស LDCs; (២)ការប្រើប្រាស់វិទ្យាសាស្ដ្រ, បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីទប់ទល់នឹងភាពទន់ខ្សោយនិងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (៣)គាំទ្រការកែទម្រង់ស្ថាប័នឱ្យក្លាយជាចលករនៃភាពចម្រើនរុងរឿង (៤)លើកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៃប្រទេស LDCs និងសមាហរណកម្មតំបន់ (៥)ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន និងផលប៉ះពាល់នៃ Covid-19 ព្រមទាំងការកសាងភាពធន់នឹងវិបត្តិនានា និង (៦)ពង្រឹងសាមគ្គីភាពអន្ដរជាតិ និងភាពជាដៃគូពិភពលោក។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មក៏ បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលកម្ពុជាសូមកោតសរសើរចំពោះការគាំទ្រពីម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់នៃការចាកចាញពីប្រទេសពី LDC។ ទន្ទឹមនេះ កម្ពុជាសូមអញ្ជើញសហគមន៍អន្តរជាតិឱ្យគាំទ្រ និងពន្លឿនវឌ្ឍនភាពនៃ SDGs ដែលស្នើឡើងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាជួយជំរុញឱ្យប្រទេស LDCs ចាកចេញពីចំណាត់ថ្នាក់ LDCs ប្រកបដោយជោគជ័យ និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាព។