ព័ត៌មានអន្តរជាតិ

ការបើកដំណើរការឡើងវិញរបស់ប្រទេសចិនពីការរឹតបន្តឹងដោយសារជំងឺកូវីដ១៩ និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន

របាយការណ៍មួយបានបង្ហាញកាលពីថ្ងៃអាទិត្យថា ការបើកដំណើរការឡើងវិញរបស់ប្រទេសចិនពីការរឹតបន្តឹងដោយសារជំងឺកូវីដ១៩ និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានគេរំពឹងថានឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ច និងការនាំចេញរបស់កូរ៉េខាងត្បូង ដែលមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយប្រទេសជិតខាង។ យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឱ្យដឹងថា ស្ថាប័នពិភពលោកនានាបានព្យាករថា សេដ្ឋកិច្ចប្រទេសចិននឹងកើនឡើង ៥,១% នៅក្នុងឆ្នាំ២០២៣ បើធៀបទៅនឹងឆ្នាំមុន ដែលកើនឡើងពីកំណើន ៣ភាគរយកាលពីឆ្នាំមុន។

ដោយសារការបើកដំណើរការឡើងវិញពីគោលនយោបាយករណីសូន្យនៃជំងឺកូវីដ១៩ អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងកញ្ចប់ជំរុញសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង បានធ្វើឱ្យប្រទេសសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោកមួយនេះទំនងជានឹងមានកំណើនចំនួន ៦,៩% នៅក្នុងត្រីមាសទីពីរ និង ២,៦% សម្រាប់ត្រីមាសទីមួយ។ បាយការណ៍នេះបាននិយាយថា ប្រសិនបើការព្យាករនោះក្លាយជាការពិត កំណើនដ៏រឹងមាំនៅក្នុងសេដ្ឋកិច្ចប្រទេសចិនទំនងជានឹងបង្កើនកំណើនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ដោយបន្ថែមចំនួន ០,១៦% និងការនាំចេញចំនួន ០,៥៥% នៅក្នុងឆ្នាំនេះ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានរំពឹងថា ប្រទេសសេដ្ឋកិច្ចធំជាងគេលំដាប់ទីបួនរបស់ទ្វីបអាស៊ីមួយនេះនឹងកើនឡើងប្រមាណ ១,៦% នៅក្នុងឆ្នាំ២០២៣ ដោយធ្លាក់ចុះពីការកើនឡើង ២,៦% កាលពីក្នុងឆ្នាំ២០២២។ ការនាំចេញរបស់ខ្លួននៅក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងថានឹងមានការធ្លាក់ចុះ ៤,៥% បើធៀបនឹងកំណើន ៦,១% កាលពីឆ្នាំមុន។ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការប្រែប្រួលនៃសេដ្ឋកិច្ចប្រទេសចិន ខណៈដែលប្រទេសជិតខាងមួយនេះ គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។

Leave a Reply

Your email address will not be published. Required fields are marked *