ព័ត៌មានជាតិ

កម្ពុជាបានបន្តបញ្ជូនកងកម្លាំងវិស្វកម្មពហុជំនាញលេខ៨២៧ ចំនួន ២១៦នាក់ទៀត ទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣

កម្ពុជាបានបន្តបញ្ជូនកងកម្លាំងវិស្វកម្មពហុជំនាញលេខ៨២៧ ចំនួន ២១៦នាក់ទៀត ទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។ កងកម្លាំងថ្មីនេះ ជាក្រុមកងកម្លាំងប្ដូរវេនជាមួយនឹង កងកម្លាំងវិស្វកម្មលេខ៨២៩ ដែល បានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ ដ៏ជោគជ័យ និងនាំកិត្យានុភាពជូនជាតិ។ ពិធីជូនដំណើរ និងទទួលកងទ័ពមួកខៀវកម្ពុជា បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជា អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ នៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា បេសកកម្មនៅសាធារណរដ្ឋលីបង់ ជាឆ្នាំទី១៣ ហើយកងវិស្វកម្មលេខ៨២៩ គឺជាកងទី១២ ដែលបានចូលរួមអនុវត្តន៍ បំពេញ ភារកិច្ចប្រកបដោយផ្លែផ្កា ព្រមជាមួយនឹងលទ្ធផលគួរ ជាទីមោទនៈ។ ជាមួយគ្នានេះ កងវិស្វកម្ម រក្សាបាននូវភាពស្អាតស្អំ មានវិន័យល្អ ព្រមទាំងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន តាមនិយាមរបស់អង្គការសហប្រជាជាតិ ដោយយកសុវត្ថិភាពជាចម្បង រហូតទទួលបាន ជោគជ័យ ដោយមិនមានសមាជិកណាម្នាក់របួស ឬពលី ដោយយថាហេតុណាមួយឡើយ។ ចំពោះកងកម្លាំងត្រូវប្តូរវេន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានក្រើនរម្លឹក ដល់កម្លាំងទាំងអស់ បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ និងត្រូវគិតគូរពីសុវត្ថិភាពជាចម្បង ពិសេស អំឡុងពេលអនុវត្តន៍ភារកិច្ច មិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះ ដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ ក្រុមគ្រួសារ និងខ្លួនឯងផ្ទាល់។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា ប្រតិបត្តិការសន្តិភាព គឺជាគោល ការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេសដែលរងការហែកហួរ ដោយសារជម្លោះប្រដាប់អាវុធភ្លើងសង្គ្រាម និងចូលរួមជា មួយសាមីប្រទេសក្នុងការស្តារ នីតិសម្បទារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍ អង្គការសហប្រជា ជាតិ សំដៅកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាពនិងវឌ្ឍនភាព។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណី បានបង្ហាញការរីករាយ ចំពោះកងកម្លាំងកម្ពុជា ដែលបានបំពេញបេសកកម្មរយៈពេល១ឆ្នាំ នៅប្រទេសមជ្ឈឹមបូព៌ា ដែលមានសីតុណ្ហភាពក្រោមសូន្យអស្សាខុសគ្នាពីប្រទេសកម្ពុជា និងជាតំបន់សម្បូរ ទៅដោយភ្នំ រងសម្ពាធវិបត្តិសេដ្ឋកិច្ច កម្លោះព្រំដែនរវាងប្រទេសអ៉ីស្រាអែល ទន្ទឹមនឹងការ ឃ្លាតឆ្ងាយពីគ្រួសារ ដែលទាំងនេះពិតជាការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ កងទ័ពកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *