ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​ជុំវិញបញ្ហាផ្ទះ និងដី របស់លោកគង៉ គាំ ថា តាមផ្លូវច្បាប់ ផ្ទះនិងដីនេះ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​ជុំវិញបញ្ហាផ្ទះ និងដី របស់លោកគង៉ គាំ ថា តាមផ្លូវច្បាប់ ផ្ទះនិងដីនេះ នៅតែ​ជា​​កម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយវាដល់ពេលដែលក្រសួងការបរទេស មានតម្រូវ​ការយកផ្ទះ និងដីនេះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការ​របស់ក្រសួង​វិញ។

​នៅលើផេកផ្លូវការ នារសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ខ្ញុំបានទទួលព័ត៌មានតាមហ្រ្វេសញូអំពីលិខិតរបស់លោក គង់ គាំ បំភ្លឺអំពីដំណើររឿងទាក់ទងនឹងដី និងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។ សម្ដេច​តេជោបន្តថា ខ្ញុំទទួលស្គាល់ថា អ្វីដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតនោះ ភាគច្រើន ជាការពិត ពិសេស ត្រង់ចំណុចចុងក្រោយក្នុងលិខិតដែលលោក គង់ គាំ បញ្ជាក់​​យ៉ាងច្បាស់ថា «ខ្ញុំចាំថាពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ ខ្ញុំពិតជា​បាន​ជូន​ព័ត៌មានចំពោះលោករដ្ឋមន្រ្តី ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោករដ្ឋ​មន្រ្តីក៏​បានយោគយល់រហូតមក»។ សម្ដេចតេជោគូសបញ្ជាក់ថា ខ្ញុំពិតជាមានការ​យោគ​យល់ចំពោះស្នាក់នៅនៅផ្ទះរបស់ក្រសួងការបរទេស ប៉ុន្តែ ខ្ញុំពុំដែលបានសម្រេចប្រគល់​ផ្ទះ និងដីនោះឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះទេ ហើយផ្ទះ និងដីនោះ នៅតែ​ជាកម្មសិទ្ធិរបស់ក្រសួងការបរទេសដដែល។ រាល់ការរៀបចំឯកសារនានារបស់លោក គង់ គាំ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិលើដីនេះ គឺជាក្លែងបន្លំយកដីនិងផ្ទះរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ​ឯកជន។ ខ្លឹមសារដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតបំភ្លឺរបស់ខ្លួន ផ្ញើទៅហ្រ្វេស​ញូ ដើម្បីផ្សព្វផ្សាយ គឺ ជាភស្តុតាងមិនអាចប្រកែកបាន ដែលលោក គង់ គាំ បាន​ទទួល​ស្គាល់ចំពោះរឿងនេះ។ សម្ដេចតេជោបានបន្ថែមថា ដូចនេះ តាមផ្លូវច្បាប់ ផ្ទះនិងដីនេះ នៅតែជាកម្មសិទ្ធិ​របស់​ក្រសួងការបរទេស ហើយវាដល់ពេលដែលក្រសួងការបរទេស មានតម្រូវការយកផ្ទះ និងដីនេះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួងវិញ។

Leave a Reply

Your email address will not be published. Required fields are marked *