អ្នកសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីព្រឹត្តិការបោះឆ្នោតនៅកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាបមុននឹងសម្រេចចិត្តក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មាន ស្តីពី តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា ដើម្បីឱ្យសង្គមប្រជាធិបតេយ្យមួយដើរទៅមុខបានទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ការចូលរួមពីអ្នកសារព័ត៌មានអាជីព ពីព្រោះអ្នកសារព័ត៌មានជាអ្នកផ្តល់នូវចំណេះដឹង ទៅដល់ប្រជាពលរដ្ឋដែលព័ត៌មានទាំងអស់នោះ នឹងក្លាយជាធាតុចូលសំខាន់ មុននឹងសម្រេចចិត្តក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន។
ចំណែក អ្នកនាង ឥម សុផារិន្ទ អ្នកសារព័ត៌មានមកពីទូរទស្សន៍ជាតិកម្ពុជា តំណាងឱ្យសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះដែរក៏បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្ដាលអ្នកសារព័ត៌មាននេះប្រៀបដូចជាបង្កើនចំណេះដឹងថ្មីមួយទៀតសម្រាប់អ្នកសារព័ត៌មានមកពីគ្រប់អង្គភាពទាំងអស់កាន់តែខ្លាំងឡើងសម្រាប់សម័យកាលបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំ។ អ្នកនាង បន្ដថា នៅពេលដែលអ្នកសារព័ត៌មាននៅតាមអង្គភាពនីមួយៗខ្លាំង នឹងក្លាយទៅជាអ្នកសារព័ត៌មានអាជីពប្រៀបដូចជាអាវក្រោះការពារខ្លួន។
«ដូច្នេះទី១ នាងខ្ញុំសុំប្ដេជ្ញាតម្កល់ខ្លួនឯង ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ទី២ ប្ដេជ្ញាថានឹងធ្វើការងារទៅលើអាជីពសារព័ត៌មាននេះឱ្យកាន់តែមានតម្លាភាពសម្រាប់គណបក្សនយោបាយ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទី៣ ធ្វើខ្លួនឲ្យក្លាយជាអ្នកសារព័ត៌មានអាជីព ហើយផ្ដល់តម្លៃយ៉ាងសំខាន់ទៅលើក្រសួងព័ត៌មាន ដើម្បីក្រសួងព័ត៌មានមានមោទនភាព ទី៤ គឺធ្វើឱ្យសង្គមកម្ពុជាក្លាយទៅជាសង្គមដែលខ្លាំងសម្បូរដោយអ្នកសារព័ត៌មានអាជីព។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា សារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ប្រសិនបើសារព័ត៌មានថាតាមគេ និយាយតាមគេ ឬតាមអ្នកនយោបាយ ឬក៏ប្រទេសមួយមិនមានសារព័ត៌មានទេនោះ គឺមានន័យថា ប្រទេសនោះហាក់កំពុងនៅក្នុងបន្ទប់បិទជិតដោយជញ្ជាំងបួនជ្រុង។