ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧ មករា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) ដែលកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)នោះ។

នៅលើផេកផ្លូវការព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) ដែលកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យកម្ពុជា ក្លាយជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ គួររម្លឹកដែរថា កាលពី៤៤មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗ ត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ សូមឱ្យស្មារតី៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរជាអមតៈ ក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។

គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី០៧ ខែមករាឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស និងសមាជិកសមាជិកាប្រមាណជាង២ម៉ឺននាក់បានជួបជុំគ្នា ប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំនៃថ្ងៃជ័យជម្នះ ៧ មករា នៅមុខសាលមហោស្រពកោះពេជ្រ៕

Leave a Reply

Your email address will not be published. Required fields are marked *