ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាល ចំនួន៣០លានដុល្លារអាម៉េរិកបន្ថែមទៀត ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ គ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខណៈដែលថវិកាចំនួន 18,473,570 ដុល្លារអាម៉េរិក ដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែ និងសប្បុរសជន សម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២២នោះ។
នៅលើផេកផ្លូវការ នាល្ងាចថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ ថវិកាចំនួន 18,473,570 ដុល្លារដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែ និងសប្បុរសជនសម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃ០១ ខែធ្នូ ឆ្នាំ២០២២នេះ។ សម្ដេចតេជោបន្តថា ដើម្បីធានាថាឆ្នាំ២០២៥កម្ពុជានឹងអស់គ្រាប់មីន ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម អូន ព័ន្ធមុនីរត្ឋ័ បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាល ចំនួន ៣០ លានដុល្លារភ្លាម ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ថវិកានេះរួមជាមួយថវិកាពីដៃគូអភិវឌ្ឍន៍ អាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។ ក្នុងករណីខ្វះនិងសម្រាប់ឆ្នាំ២០២៤ និង២០២៥អាជ្ញាធរមីនត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំថវិកាប្រចាំឆ្នាំ។ ដើម្បីឱ្យឆ្នាំ២០២៥កម្ពុជាគ្មានមីន ការផ្តល់ដីដោយសុវត្តិភាពនិងដោយស្នាមញញឹម ខ្ញុំសូមអំពាវនាវសប្បុរសជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព។ សូមឱ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រកបដោយស្នាមញញឹម បន្ទាប់ពីរងគ្រោះដោយគ្រាប់មីនរយះពេល ៥៥ឆ្នាំ (១៩៧០.២០២៥)