ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិបានទទួលសារតាំងរបស់ លោក Joseph Scheuer ដែលត្រូវបានតែងតាំងដោយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិបានទទួលសារតាំងរបស់ លោក Joseph Scheuer ដែលត្រូវបានតែងតាំងដោយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ជា​អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋ​មន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោក Joseph Scheuer ដែលបានឆ្លើយតបដោយការសម្តែងនូវចំណាប់អារម្មណ៍ថា«លោក មានអារម្មណ៍ថា លោកហាក់ដូ​ច​ជាបានវិលត្រលប់មកផ្ទះរបស់ខ្លួនវិញ» ដោយសំដៅដល់ការបំពេញបេសកកម្មកាលពីមុនៗរបស់លោកជាមួយទីភ្ញាក់ងាររបស់អង្គការសហប្រជាជាតិផ្សេងៗនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់ក្រុមការងារអង្គការសហប្រជាជាតិ តាមរយៈក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គ​ការសហប្រជាជាតិ (UNDAF) និងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជាមួយនឹងជំនួយដ៏សប្បុរសនេះ បូករួមជាមួយនឹងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង៩៥%នៃចំនួនពលរដ្ឋសរុប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកពីជំនួបប្រកបដោយផ្លែផ្កានាពេលថ្មីៗនេះ រវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ លោក Joseph Scheuer បានសម្តែងនូវអំណរគុណចំពោះការគាំទ្រ និងការរៀ​បចំសម្រាប់ដំណើរទស្សនកិច្ចរបស់ឯកឧត្តមអគ្គលេខាធិការ នាពេលខាងមុខ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអ្ន​កសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់អំពីសារសំខាន់នៃជំ​នួ​បជាថ្មីម្ដងទៀតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម អគ្គលេ​ខាធិ​ការអង្គការសហប្រជាជាតិ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាពេលឆាប់ៗនេះ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Joseph Scheuer បានសម្តែងនូវការពេ​ញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អដែលកំពុងមាននាពេលបច្ចុប្បន្នរវាងកម្ពុជា និងអង្គ​ការសហប្រជាជាតិ និងបានផ្លាស់ប្តូរទស្សនៈគ្នាអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រ​តិបត្តិការរវាងកម្ពុជា និងអង្គការ សហប្រជាជាតិ ដោយភាគីទាំងពីរបានទន្ទឹងដល់ការប​ន្ត​កិច្ចសន្ទនាប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំ​ង​​​អស់នៅកម្ពុជា ដែលបានអាក់ខានដោយសារជំងឺរាតត្បាតកន្លងមក។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីការរួមចំណែកយ៉ាងសកម្មរ​ប​​ស់កម្ពុជាចំពោះប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UNPKOs) ដោ​​​យគូសបញ្ជាក់ពីការ តាំងចិត្តរបស់កម្ពុជាបន្តបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនដើម្បីជា​គុណប្រយោជន៍ដល់សន្តិភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីលទ្ធផលចំបងៗ ដែលសម្រេ​ច​បាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័​ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថ្វីត្បិតមានបញ្ហាប្រឈម និងបញ្ហាក្នុងតំបន់និងអន្តរជាតិក្តៅ​ៗមួយចំនួនក្តី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនផងដែរអំពីការត្រៀមរៀ​បចំរបស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ លោក Jo​seph Scheuer បានជូនពរកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិ​ច្ច​ប្រជុំកំពូលទាំងនេះ។

Leave a Reply

Your email address will not be published. Required fields are marked *