ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់អ្នកវិនិយោគទុនមកបណ្តាក់ទុនរកស៊ីនៅភ្នំពេញឱ្យបានច្រើន ពិសេស វិស័យ ម្ហូបអាហារ ដើម្បីឱ្យសេដ្ឋកិច្ចប្រទេសកើនឡើង

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់អ្នកវិនិយោគទុនមកបណ្តាក់ទុនរកស៊ីនៅភ្នំពេញឱ្យបានច្រើន ពិសេស វិស័យ ម្ហូបអាហារ ដើម្បីឱ្យសេដ្ឋកិច្ចប្រទេសកើនឡើង ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើនិងជាការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ ការអំពាវនាវបែបនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ ខណៈដែលឯកឧត្ដមបានអញ្ជើញជាអធិបតីភាពក្នុងពិធី“សម្ពោធភោជនីយដ្ឋានចំនួន៣ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅខណ្ឌមានជ័យ ដោយមានការចូលរួមពីអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និង លោក ងន ដេវីដសំបូរ ប្រធានក្រុម ប្រឹក្សាភិបាលក្រុមហ៊ុនហ្វាន់ ហ៊ូដ (Fun Food Co.Ltd) ។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កាលបើយើងធ្វើម្ហូបឆ្ងាញ់ពិសា វាជាកត្តាមួយនាំឱ្យភ្ញៀវទេសចរណ៍មកកម្ពុជាកាន់តែច្រើន ។ ដូច្នេះ ឯកឧត្ដមសូមអំពាវនាវដល់អ្នកវិនិយោគទុន សូមមកបណ្តាក់ទុនរកស៊ីនៅភ្នំពេញឱ្យកាន់តែច្រើន ពិសេសលើវិស័យម្ហូបអាហារ ដើម្បីឱ្យសេដ្ឋកិច្ចប្រទេសកើនឡើង ជាមួយនឹងការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើ ហើយវាក៏ជាការទាក់ទាញភ្ញៀវទេសចរផងដែរ។

ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ សម្រាប់ពិធីសម្ពោធភោជនីយដ្ឋានថ្មី ក្នុងថ្ងៃនេះ មិនត្រឹមតែជា សក្ខីភាពបញ្ជាក់ឱ្យឃើញពីការចូលរួមគាំទ្រចំពោះសកម្មភាពអាជីវកម្ម របស់អាជីវករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោ បាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និងការខិតខំ ទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេសគឺការខិតខំ បង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់ ពាណិជ្ជករ វិនិយោគិន និងធុរជន ក្នុងការសម្រេចចិត្តបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ពេលបច្ចុប្បន្ន វិនិយោគិន ធុរជន ពាណិជ្ជករ និងវិស័យឯកជន បាននិងកំពុងរីករាយទទួលយក នូវមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិប តេយ្យ និងការបើកទូលាយក្នុងការធ្វើអាជីវកម្មស្របច្បាប់គ្រប់ប្រភេទ ហើយស្តង់ដាររស់នៅប្រចាំថ្ងៃរបស់ បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏កាន់តែមានភាពល្អប្រសើរឡើង ដែលនេះគឺជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសផលិតផល ម្ហូបអាហារ-ភេសជ្ជៈដែលមានគុណភាព-អនាម័យ និងការបើកអាជីវកម្មដ្ឋាន ដែលអាចឆ្លើយតបទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ ប្រជាពលរដ្ឋទូទៅ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមឃួង ស្រេងបានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់អ្នក គ្រប់គ្រង ភោជនីយដ្ឋាន និងបណ្ដាអាជីវកម្មទាំងអស់ សូមជួយគាំទ្រកសិផល ផលិត ផល និងគ្រឿងទេសដែលមានស្រាប់ក្នុងស្រុក ដើម្បីជួយដល់ បងប្អូនប្រជាកសិករខ្មែរ សេវាករ និងផលិតករក្នុងស្រុក ឱ្យមានជីវភាព ប្រសើរឡើង ជួយដល់សេដ្ឋកិច្ចជាតិ រីកចម្រើនទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *