ព័ត៌មានកីឡា ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

ក្រុម​​បាល់ទះ​ជា​​សមាជិក​ទាំង​១១ក្រុម ក្នុង​​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ​២០២២ ត្រូវបាន​​គណៈកម្មការ​រៀបចំ​ការ​ប្រកួតចាប់​ឆ្នោត​បែងចែក​ពូល​រួចរាល់

ក្រុម​​បាល់ទះ​ជា​​សមាជិក​ទាំង​១១ក្រុម ក្នុង​​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ​២០២២ ត្រូវបាន​​គណៈកម្មការ​រៀបចំ​ការ​ប្រកួតចាប់​ឆ្នោត​បែងចែក​ពូល​រួចរាល់ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែ​តុលា ឆ្នាំ​២០២២ នេះ នៅ​មជ្ឈមណ្ឌល​ជាតិ​​ហ្វឹកហ្វឺន​កីឡា ខណៈ​ការ​ប្រកួត​ចាប់​ដំណើរ​ទៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២២ តទៅ។ លោក​ តែន ឡន អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជាបានបញ្ជាក់​​ថា​ក្រុម​ដែល​មាន​ឈ្មោះ​​ចូលរួម​នេះ​មាន៥ក្រុម(បាន​ពី​ការ​អញ្ជើញ)និង​៦ក្រុម​​ដែល​ឡើង​មក​ពី​ពានរង្វាន់​សម្តេច​ក្រឡាហោ​ម​​កន្លង​ទៅ។ លោកបន្ដថា ជា​ដំបូង​​ក្រុម​ដែល​ចូលរួម​ទាំង​១១​នេះ​ត្រូវ​បែងចែក​ជា​៤​ពូល ប្រកួត​វិលជុំ​១ជើង​សន្សំ​ពិន្ទុ ហើយ​​ក្រុម​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗ មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​​វគ្គ​៨ក្រុម​ចុងក្រោយ ដែល​ការ​បែងចែក​ពូល​ប្រកួត​វិលជុំ​ជម្រុះ ហើយ​ក្រុម​ដែល​ឈ្នះ មាន​ឈ្មោះ​បន្ត​កៅអី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ​និង​ផ្ដាច់ព្រ័ត្រ។

លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជាបាន​បញ្ជាក់ នេះ​ជា​សកម្មភាព​​ប្រកួត​មួយ​ក្នុង​ចំណោម​សកម្មភាព​​មួយ​ចំនួន​ដែល​សហព័ន្ធ​រៀបចំ​ឡើង​នៅ​ឆ្នាំ​២០២២នេះ។ លោក​គូសបញ្ជាក់ថា​៖«ព្រឹត្តិការណ៍​នេះ​នឹង​កក្រើក​ក្នុង​ពិភព​បាល់ទះ​ យើង​បាន​ជីក​កាយ​​ពានរង្វាន់​នេះ​ឡើយ​វិញ ខណៈ​នៅ​ទសវត្ស​ទី​៩០​ធ្លាប់​បាន​រៀបចំ​ម្តង​រួច​មក​ហើយ។ ព្រឹត្តិការណ៍​នេះ​ក៏​យើង​ទទួល​បាន​ការ​ឯកភាព​ពី​សម្តេច​ផង​ដែរ។ ខ្ញុំ​ជឿជាក់​ថា​និរន្តរភាព​នៃ​ពានរង្វាន់​នេះ​នឹង​រៀបចំ​ឡើង​រៀងរាល់​ឆ្នាំ ព្រោះ​ថា បើ​ចង់​បាន​គុណផល​សម្រាប់​ជាតិ​បាន​ទាល់​តែ​មាន​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ឱ្យ​បាន​ច្រើន។ ​​​​ ព្រឹត្តិការ​ណ៍​​នៃ​ការ​ប្រកួត​នេះ​គឺ​យើង​ត្រូវ​បែងចែក​ជា​​កម្រិត​នៃ​ការ​ប្រកួត​ផង​ដែរ។ ពានរង្វាន់​កាន់​តែ​ធំ កីឡាករ​អាជីព​​​មាន​កាន់​តែ​​ច្រើន»។

តាម​គម្រោង​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន នេះ​នឹង​រៀបចំ​ប្រកួត​ពី​ថ្ងៃ ១៥ ដល់​ថ្ងៃ​ទី​៣០​ ខែ​តុលា ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​ព្រីនស៍ (ម្តុំ​ហ្រ្គេន​ភ្នំពេញ)។ សម្រាប់​ក្រុម​ជ័យលាភី​វិញ​នឹង​ទទួល​​បាន​ដូចជា៖ ​ក្រុម​ជើងឯក៖ ​ពានរង្វាន់​ធំ១ មេដាយ​មាស​ម្នាក់១ អម​ដោយ​ថវិកា​១ម៉ឺន​ដុល្លារ, ជើង​ឯក​រង៖ មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​ថវិកា​៥ពាន់​ដុល្លារ, លេខ៣៖ មេដាយ​សំរឹទ្ធិ ម្នាក់១ អម​ដោយ​ថវិកា​៣​ពាន់​ដុល្លារ, លេខ៤៖ ថវិកា ២ពាន់ដុល្លារ។ ក្រៅ​ពី​នោះ​ក៏​មាន​ពានរង្វាន់​ឯកត្តជន​ដែរ ដោយ​សម្រាប់​កីឡាករល្អជាងគេ​ប្រចាំ​ព្រឹត្តិការណ៍ កីឡាករ​លើក​បាល់ល្អ កីឡាករ​ធ្វើរនាំងល្អ និង​កីឡាករ​វាយ​សេវា​ល្អ​ជាង​គេ​ជាដើម។ ប៉ុន្ដែ អ្វី​ដែល​ពិសេស​ថែម​ទៀត​នោះ​ក្នុង​​ការ​ប្រកួត​ពានរង្វាន់​បាល់ទះ​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ នេះ​ ក៏​មាន​ការ​​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​២គូ​ដែរ ដោយ​ក្នុង​នោះ​-១៥ តុលា ២០២២ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ប៉ះ សិង្ហបុរី វេលា​ម៉ោង​៧​យប់ និងនៅថ្ងៃទី២០ ខែតុលា ២០២២ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ប៉ះ គុយបា វេលា​ម៉ោង​៧យប់។

Leave a Reply

Your email address will not be published. Required fields are marked *