ព័ត៌មានកីឡា ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យប្រទេសគុយបា ពិនិត្យពិចារណាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស លើវិស័យសុខាភិបាល និងវិស័យដទៃទៀត

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យប្រទេសគុយបា ពិនិត្យពិចារណាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស លើវិស័យសុខាភិបាល និងវិស័យដទៃទៀត ដែលរួមមានទាំងវិស័យ កីឡា វិស័យវិនិយោគ និងវិស័យព័ត៌មាន ជាដើម។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីជំនួបទ្វេភាគីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា នារសៀលថ្ងៃទី០៤ ខែតុលាឆ្នាំ២០២២ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែននិង ឯកឧត្ដម Manuel បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកពាក់ព័ន្ធ នឹងបញ្ហាតំបន់ និងពិភពលោក។ លើស ពីនោះទៀត ឯកឧត្តម Manuel Marrero Cruz ក៏បានគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ សម្រាប់ឯកឧត្ដម និងគណៈប្រតិភូរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម Manuel បានជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាពទូទៅនៅប្រទេសគុយបា ដែលរួមមាន ស្ថានភាពនៃការគ្រប់គ្រងជំងឺកូវីដ១៩ និងស្ថានភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចនៅប្រទេសគុយបា ហើយ ឯកឧត្ដមក៏បានសម្ដែងនូវឆន្ទៈក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង។ ទន្ទឹមនេះ គឺឈរលើមូលដ្ឋាននៃទំនាក់ទំនងដែលមានស្រាប់ ជំរុញអនុវត្តន៍នូវរាល់អនុស្សរណៈទាំងឡាយណា ដែលបានចុះហត្ថលេខារួចហើយ ដែលក្នុងនោះរួមមាន ទាំងវិស័យអប់រំ វិស័យសុខាភិបាល វិស័យវប្បធម៌ និងវិស័យដទៃទៀត។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានឯកភាព ចំពោះអ្វីដែលបានលើកឡើងដោយឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា ហើយក៏បានលើកឡើងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងនិងជោគជ័យដែលប្រទេសគុយបា បានទទួល នោះគឺការស្រាវជ្រាវលើវិស័យសុខាភិបាល ការផលិតបាននូវវ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្នុងន័យនេះសម្ដេចតេជោបានស្នើសុំឱ្យប្រទេសគុយបា ពិនិត្យពិចារណាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល និងវិស័យដទៃទៀត ដែលរួមមានទាំងវិស័យ កីឡា វិស័យវិនិយោគ និងវិស័យព័ត៌មាន ជាដើម។ ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ ក៏បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ រដ្ឋាភិបាល និងប្រជាជនគុយបា ដែលកន្លងមកបានជួយដល់កម្ពុជា ជាពិសេសនៅពេលដែលកម្ពុជាទទួលនូវផលវិបាកយ៉ាងខ្លាំងបំផុត គឺនៅពេលដែលកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត ដែលគុយបាបានផ្ដល់នូវការឧបត្ថម្ភ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតមកដល់កម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *