ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ របាយកាណ៍ទូទៅ

ឯកឧត្ដមអនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋគុយបា បានសំដែងនូវការភ្ញាក់ផ្អើលដូចខាងលើនេះ ក្នុងឱកាសចូលជួបពិភ្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន

អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋគុយបា បានសំដែងការភ្ញាក់ផ្អើល ដែលមិននឹកស្មានថារាជធានីភ្នំពេញ គឺជាទីក្រុងរីកចម្រើនដ៏ធំ ហើយទំនើប ដែលបង្ហាញពីការដឹកនាំដ៏ល្អរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមអនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋគុយបា បានសំដែងនូវការភ្ញាក់ផ្អើលដូចខាងលើនេះ ក្នុងឱកាសចូលជួបពិភ្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២។ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅកម្ពុជា ឯកឧត្តម Gerardo Peñalver Portal អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋគុយបា បានសម្តែងការភ្ញាក់ផ្អើលជាលើកទីមួយដែល បានមកដល់តំបន់នេះ ហើយ ក៏មិននឹកស្មានថារាជធានីភ្នំពេញជាទីក្រុងរីកចម្រើនដ៏ធំ ហើយទំនើប ដែលបង្ហាញពីការដឹកនាំដ៏ល្អរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាពិសេស ឯកឧត្ដម បានធ្វើការកោតសរសើរអំពីភាពជោគជ័យរបស់កម្ពុជាក្នុងការកំចាត់មេរោគកូវីដ-១៩ ហើយបានធ្វើការជំរុញឲ្យសេដ្ឋកិច្ចប្រទេសជាតិមាន ការវិវឌ្ឍងើបឡើងវិញ ។ ឯកឧត្តម Gerardo Peñalver Portal មានប្រសាសន៍ថា ប្រទេសគុយបា មកដល់ពេលនេះ នៅមានការរងសម្ពាធ និងការបែងចែក ការរើសអើងពីប្រទេសមួយចំនួន ហើយពិសេស ដំណឹងក្លែងក្លាយ បានធ្វើឱ្យគុយបាមានការលំបាក។

   ដូច្នេះហើយ ឯកឧត្តម សង្ឃឹមថានឹងមានកិច្ចសហការល្អៗជាមួយនឹងក្រសួងព័ត៌មានកម្ពុជា ដើម្បីជំរុញឱ្យប្រជាជននៃប្រទេសទាំងពីរ គុយបា កម្ពុជា អាចយល់ពីគ្នាច្រើនជាងនេះ។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រាបជូនថា ប្រជាជនកម្ពុជាមិនភ្លេចនោះទេ ពីព្រោះនៅក្រោយឆ្នាំ១៩៧៩ ប្រទេសគុយបា គឺជាប្រទេសស្ថិតក្នុងប្រទេស ដំបូងៗគេ ដែលបានបញ្ជូនគ្រូពេទ្យ វេជ្ជបណ្ឌិត គុយបា មកដល់ប្រទេសកម្ពុជាដើម្បីព្យាបាលអ្នកជំងឺ ហើយនេះជាកាយវិការមួយដែលកម្ពុជាមិនអាចបំភ្លេចបាន។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រាបជូនដែរថា សម្រាប់ប្រទេសកម្ពុជាយើងខ្ញុំក៏ធ្លាប់ស្គាល់ និងធ្លាប់ ភ្លក្សរសជាតិ នៃការដែលគេហ៊ុមព័ទ្ធសេដ្ឋកិច្ចដែលជាការលំបាក ។ ដូចនេះហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែធ្វើការប្រឆាំងល្បែងដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះ ព្រោះមិនដែលមានការចំណេញអ្វីនោះទេ គឺមានតែធ្វើឱ្យវេទនាដល់ប្រជាជន ភាគច្រើនប៉ុណ្ណោះ។ ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ សង្ឃឹមថានៅក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តី គុយបា មកកម្ពុជា ដែលជាឱកាសឱ្យ ក្រសួងព័ត៌មាន ជួបជាមួយទីភ្នាក់ងារសារព័ត៌មាន អាមេរិកឡាទីន Prensa Latina គុយបា ដែលយើងមានកិច្ចសហប្រតិបត្តិការគ្នា តាំងពីឆ្នាំ១៩៨០ ដើម្បីធ្វើយ៉ាងណាជំរុញការផ្លាស់ប្តូរ ព័ត៌មានគ្នាទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំង ២ កម្ពុជា គុយបា។

Leave a Reply

Your email address will not be published. Required fields are marked *