ព័ត៌មានជាតិ របាយកាណ៍ទូទៅ

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានគឺជាព្រឹត្តិការណ៍តំបន់ និងអន្តរជាតិដ៏សំខាន់មួយ ហើយជារៀងរាល់ឆ្នាំកិច្ចប្រជុំនេះ ត្រូវបានរៀបចំជាប្រចាំ ចាប់តាំងពីអាស៊ានត្រូវបានបង្កើតឡើងនាថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧

តាមធម្មនុញ្ញរបស់អាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានគឺជាព្រឹត្តិការណ៍តំបន់ និងអន្តរជាតិដ៏សំខាន់មួយ ហើយជារៀងរាល់ឆ្នាំកិច្ចប្រជុំនេះ ត្រូវបានរៀបចំជាប្រចាំ ចាប់តាំងពីអាស៊ានត្រូវបានបង្កើតឡើងនាថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ដោយមកដល់ពេលនេះ នៅក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន ក្រោយកម្ពុជាចូលរួមនៅក្នុងមហាគ្រួសារតំបន់នេះនាថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាបាននិងកំពុងតែត្រៀមរៀបចំកិច្ចប្រជុំដ៏សំខាន់មួយនេះនៅពេលខាងមុខដ៏ខ្លី។

ពាក់ព័ន្ធនឹងកិច្ចប្រជុំដ៏សំខាន់នេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កិច្ចប្រជុំនេះ ជាកិច្ចប្រជុំសំខាន់សម្រាប់កំណត់នូវរបៀបវារៈ និងលើកឡើងនូវការពិភាក្សាសំខាន់ៗអំពីបញ្ហាតំបន់ ក៏ដូចជាអន្តរជាតិ និងចេញសេចក្តីថ្លែងការណ៍ផ្សេងៗជុំវិញបញ្ហានានា ហើយមិនតែប៉ុណ្ណោះ កិច្ចប្រជុំនេះក៏ជាសេនាធិការដ៏សំខាន់មួយសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា “ខ្ញុំយល់ឃើញថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលគ្រោងនឹងធ្វើនៅពេលខាងមុខនេះ គឺកិច្ចការសំខាន់មួយ ដែលកម្ពុជានៅក្នុងនាមជាប្រធានអាស៊ាន ត្រូវសម្របសម្រួល ធ្វើយ៉ាងណាឱ្យកិច្ចប្រជុំនេះ ប្រពឹត្តទៅដោយរលូនដោយធ្វើការប្រឹក្សា និងពិគ្រោះផ្តល់យោបល់ជាមួយនឹងសមាជិកអាស៊ានដទៃទៀតចំពោះរបៀបវារៈសំខាន់ៗ ដែលត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ។
ឯកឧត្តមបណ្ឌិតបានបន្តទៀតថា យើងដឹងហើយថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន គេតែងតែលើកនូវបញ្ហានានា ទាំងបញ្ហាក្របខណ្ឌអាស៊ាន ការពិនិត្យទៅលើកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូខាងក្រៅនានា ក៏ដូចជាបញ្ហាក្តៅៗនៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ទាំងបញ្ហាសន្តិសុខប្រពៃណី បញ្ហាភេរវកម្ម បម្រែបម្រួលអាកាសធាតុ បញ្ហាគ្រោះមហន្តរាយ អំពើហិង្សាឬក៏ការប្រកួតប្រជែងខាងសព្វាវុធ ដោយរួមទាំងនុយក្លេអ៊ែរ គឺសុទ្ធតែជាកម្មវត្ថុដែលរដ្ឋមន្រ្តីការបរទេសអាស៊ាន ចាំបាច់ត្រូវពិភាក្សាគ្នា។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់បន្ថែមថា “កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ដែលកម្ពុជាយើងធ្វើជាប្រធាននេះមានសារៈសំខាន់សម្រាប់តម្រង់ទិសបញ្ហាធំៗ ដែលនឹងត្រូវលើកមកប្រជុំពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន“។

ពាក់ព័ន្ធនឹងក្តីរំពឹងទុកជាមុន នៅក្រោយពេលដែលកម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនេះចប់ ឯកឧត្តមបណ្ឌិតបានឱ្យដឹងថា នៅពេលដែលកម្ពុជាយើងរៀបចំកិច្ចប្រជុំនេះបានជោគជ័យ ទិដ្ឋភាពទី១ វាបង្ហាញពីភាពស្មើមុខស្មើមាត់របស់កម្ពុជា នៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ នេះគឺជាទិដ្ឋភាពសំខាន់បំផុត ពីព្រោះកម្ពុជាដែលពីមុនគេស្គាល់តែវាលពិឃាត ជារដ្ឋដែលឯកោក្រោមការហ៊ុំព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ច ក្លាយជាប្រទេសមួយដែលមានតួនាទីនៅក្នុងតំបន់ និងអន្តរជាតិ។ ទិដ្ឋភាពទី២ គឺបង្ហាញពីសមត្ថភាពរបស់យើងកាន់តែវិជ្ជមាន ទាំងក្របខណ្ឌធនធានមនុស្ស និងធនធានផ្សេងៗ។ ទិដ្ឋភាពទី ៣ គឺតាមរយៈកិច្ចការនេះ វាគឺជាកិត្យានុភាពជាតិមួយ នៅលើឆាកអន្តរជាតិ ដែលយើងនឹងអញ្ជើញតំណាងប្រទេសនានាធ្វើដំណើរមកកាន់កម្ពុជា ហើយគេនឹងទទួលបាននូវការភ្ញាក់ផ្អើលមួយជាមួយនឹងការអភិវឌ្ឍ និងមុខមាត់ថ្មី នៃប្រទេសកម្ពុជា។ ក្រៅពីជោគជ័យនៅលើសមរភូមិកូវីដ-១៩ សមិទ្ធផលនៃការអភិវឌ្ឍ គឺសុទ្ធតែជាអ្វីដែលយើងត្រូវបង្ហាញ។ នេះក៏ជាឱកាសដែលយើងអាចផ្សព្វផ្សាយពីរូបភាពរបស់កម្ពុជា ទៅកាន់អន្តរជាតិបានកាន់តែទូលំទូលាយ ដែលអាចស្រូបទាញនូវការវិនិយោគ ការជឿទុកចិត្ត ពីវិនិយោគិនបរទេស និងភ្ញៀវទេសចរអន្តរជាតិ។

គួររំលឹកថា ក្រោយពេលដែលអាស៊ានត្រូវបានបង្កើតនៅប្រទេសថៃ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ត្រូវបានបង្កើតឡើងក្រោមសេចក្តីថ្លែងការណ៍ទីក្រុងបាងកកនៅក្នុងឆ្នាំ១៩៦៧។ លេខាធិការដ្ឋានអាស៊ានបានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានមានតួនាទីទទួលខុសត្រូវចំពោះកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខរបស់អាស៊ាន ក៏ដូចជាទំនាក់ទំនងរបស់អាស៊ានជាមួយភាគីខាងក្នុង និងខាងក្រៅអាស៊ាន។ ជាធម្មតារដ្ឋមន្រ្តីការបរទេសអាស៊ានត្រូវជួបប្រជុំគ្នាយ៉ាងតិចបួនដងក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហាដែលត្រូវការការយកចិត្តទុកដាក់ជាបន្ទាន់ពីអាស៊ាន។ កិច្ចប្រជុំនេះ ពិនិត្យ និងពិភាក្សាជាទៀងទាត់អំពីកិច្ចខិតខំប្រឹងប្រែងលើការកសាងសហគមន៍អាស៊ាន ទិសដៅអនាគតជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាទំនាក់ទំនងខាងក្រៅរបស់អាស៊ាន។

Leave a Reply

Your email address will not be published. Required fields are marked *