ព័ត៌មានជាតិ

ច្រករបៀង​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ នៅបន្តបើកធម្មតា ទោះបីសម្តេចសខេង ព្រមានយ៉ាងណាក៏ដោយ

បន្ទាយមាយជ័យ ៖តាមប្រភពពីប្រជាពលរដ្ធ និងមន្ដ្រីមួយចំនួនបានបង្ហើបឲ្យដឹងថា មេឈ្មួញធ្វើសកម្មភាព​នាំចូល​គោក្របី​តាម​ច្រករបៀង​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបាន​ប្រភព​ដ៍ដែលបានបញ្ជាក់ថា ដោយ មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ​។ ក្នុងនោះ​មន្ត្រី​ធំៗ​និង​សមត្ថកិច្ច​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ ប្រហែល​ទទួលបាន​ផលប្រយោជន៍​ពី​មេ​ឈ្មួញ ជឹម សុខ ផងដែរ​ទើប​មិន​ចាត់​វិធាន​ការបិទច្រក​របៀង​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​។ លើស​នេះ​ទៅទៀត​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ ជឹម សុខ មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ទើប​អាច​នាំចូល​គោក្របី​តាម​ច្រករបៀង​អូរ​បី​ជាន់ ហើយ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តព្រៃវែង បំពាន​លើ​អាជ្ញាប័ណ្ណ​ក្រសួងកសិកម្ម​យ៉ាង​ក្រអឺតក្រទម​។​

​ប្រភពពី​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មេ​ឈ្មួញ ជឹម សុខ ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​គោ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តព្រៃវែង បំពាន​លើ​លិខិតអនុញ្ញាត​របស់​ក្រសួង​ពាក់ព័ន្ធ​កំពុង​ធ្វើ​សកម្មភាព​នាំចូល​គោរស់ តាម​ច្រករបៀង​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​យោធា​ឈរជើង​នៅ​ច្រករបៀង​អូរ​បី​ជាន់ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន មេបញ្ជាការ​យោធា​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៥០៣ ចំណុះ​យោធភូមិភាគ​៥ ជា​អ្នកបើក​បា​រ៉ា​ស់​ឲ្យ​មេ​ឈ្មួញ ជឹម សុខ នាំចូល​គោ​ពី​ស្រុក​សៀម​យ៉ាង​រលូន​។ បើទោះបី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ចេញ​បទបញ្ជា​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ បិទ​ច្រករបៀង​ទាំងអស់​តាម​ខ្សែ​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ខេត្តបន្ទាយមានជ័យ យ៉ាងណាក៏ដោយ ក៏​ច្រករបៀង​អូរ​បី​ជាន់ នៅតែ​ដំណើរការ​យ៉ាង​រលូន​ដដែល​។​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុងស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ និង​លោក ឃួន ជឿន មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​លេខ​៥០៣ ទេនោះ​គឺ​មេ​ឈ្មួញ ជឹម សុខ មិនអាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានឡើយ​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹង​ទៀតថា មេ​ឈ្មួញ ជឹម សុខ បន្តធ្វើ​សកម្មភាព​ទិញ​គោក្របី​ពី​ស្រុក​សៀម​ដឹកជញ្ជូន​ចូល​ស្រុក​ខ្មែរ​តាម​ច្រករបៀង​អូរ​បី​ជាន់ យ៉ាង​រលូន​ព្រោះ​ឈ្មួញ​រូបនេះ​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ខ្នង​។ លើស​នេះ​ទៅទៀត​តាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ និង​សមត្ថកិច្ច​ប្រចាំ​ច្រករបៀង​អូរ​បី​ជាន់ ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​សំណាក់​មេ​ឈ្មួញ ជឹម សុខ ទើប​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ ជឹម សុខ ដឹកជញ្ជូន​គោក្របី​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់​ទាំងយប់​ទាំង​ថ្ងៃ ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ឡើយ​។

​បើតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា រាល់ពេល​មេ​ឈ្មួញ ជឹម សុខ នាំចូល​គោក្របី​តាម​ច្រករបៀង​អូរ​បី​ជាន់ គឺ​មិន​ដែលមាន​មន្ត្រី​ជំនាញ​ក៏ដូចជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​ចាត់វិធានការ​ត្រួតពិនិត្យ​សោះឡើយ​។ សូម្បីតែ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏​មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​មេ​ឈ្មួញ ជឹម សុខ នាំចូល​គោក្របី​តាម​ច្រករបៀង​អូរ​បី​ជាន់ យ៉ាងគំហុក​នោះទេ​។ មន្ត្រី​យោធា​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក ឃួន ជឿន មេបញ្ជាការ​យោធា​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៥០៣ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេបញ្ជាការ​យោធា​យោធភូមិភាគ​៥​ផងដែរ ទើប​អ្វីៗ​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​សប្បាយៗ..៕

(រង់ចាំការបំភ្លឺ)

Leave a Reply

Your email address will not be published. Required fields are marked *