ក្នុងកម្មវិធីបិទសិក្ខាសាលាស្តីពី«អភិបាលកិច្ចល្អនៅក្នុងបរិបទលំហូរព័ត៌មាននាយុគសម័យបច្ចេកវិទ្យាឌីជីថល» នាល្ងាចថ្ងៃទី២២ខែតុលាឆ្នាំ២០១៩នេះលោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើឱ្យអ្នកនាំពាក្យគ្រប់ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិរួមគ្នាបន្សាបព័ត៌មានក្លែងក្លាយដោយនិយាយតែពាក្យពិតដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។
រដ្ឋមន្ត្រីក្រសួងព័ត៌មានក្រើនរម្លឹកថា «កុំកុហកគេឱ្យសោះ តែកុហកបាត់ក្រេឌីត បាត់ក្រេឌីត គឺរលំតែម្តង ពេលខ្លះយើងសុខចិត្តសុំទោសគេ បើកុហកម្តងហើយលើកក្រោយនិយាយទៀតគេលែងជឿហើយ»។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យអ្នកនាំពាក្យទាំងអស់ថតទុកពេល ឃើញព័ត៌មានណាដែលមិនពិត ហើយរួមគ្នាឆ្លើយតបជាបន្ទាន់ជាមួយព័ត៌មានត្រឹមត្រូវ នោះព័ត៌មានមិនពិតទាំងឡាយនឹងបាត់ក្នុងរយៈដ៏ខ្លីបំផុត។ លោកផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថាទីស្តីការគណៈរដ្ឋមន្ត្រីរៀបចំសិក្ខាសាលាជូនសិក្ខាកាមជាអ្នកនាំពាក្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ដូចជាមន្ត្រីព័ត៌មានរាជធានីខេត្តនាពេលនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយណាដែលមាន គោលដៅបំភ្លៃ វិទ្ធង្សនា និងវិច្ឆេទកម្មបំផ្លាញ សន្តិភាព និងសមិទ្ធផលដែលរកបានដោយកម្រនិងពិបាកបំផុត នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាក្រោមនយោបាយ ឈ្នះ! ឈ្នះ! របស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ចប់សង្រ្គាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨។សិក្ខាសាលានេះក៏មានទិសដៅ ពង្រឹងកម្លាំងសរុប គ្រប់ស្ថាប័ន គ្រប់អង្គភាព ក្នុងការគ្រប់គ្រង និងប្រើប្រាស់ព័ត៌មាន ដើម្បីពង្រឹងការយល់ដឹងដ៏ត្រឹមត្រូវរបស់សាធារណជន ដែលជាចំណែកមួយក្នុងភាពជាដៃគូការថែរក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការអភិវឌ្ឍប្រកបដោយចីរភាព អភិបាលកិច្ចល្អ ដែលជាកិច្ចខិតខំប្រឹងប្រែងជាអាទិភាពរបស់រាជរដ្ឋាភិបាលគឺជាទិសដៅមិនត្រឹមតែពង្រឹងនីតិរដ្ឋតែប៉ុណ្ណោះទេ។ ក៏ប៉ុន្តែជាការពង្រឹងនិងពង្រីកវឌ្ឍនភាពសង្គមខ្មែរ ប្រកបដោយចីរភាព ដើម្បីកូនចៅដ៍រុងរឿងជំនាន់ក្រោយ។
