ព័ត៌មានជាតិ

ឯកឧត្តម​វេង សា​ខុនបានអញ្ជើញ ជាអធិ​បតីក្នុងវេទិ​កាសាធារណ:

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណ: ដែលបានរៀបចំធ្វើនៅក្នុងបរិវេណវត្តពោធិរតនារាម (ស្អាង) ក្នុងភូមិស្អាង ហើយឃុំត្រពាំងគងនេះគឺជាឃុំទី៧ ក្នុងចំណោម ១០ឃុំ ក្នុងស្រុកជើងព្រៃ ដែលបានរៀបចំវេទិកានេះ។ ពិធីនេះមានគោលបំណងធ្វើការតាមដានការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៤ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងជាពិសេសដើម្បីផ្សាភ្ញាប់រវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែស្អិតរមួត និងស៊ីជម្រៅ ដែលជាឱកាសល្អដើម្បីតាមដានអំពីសេចក្តីសុខទុក្ខ បញ្ហាប្រចាំថ្ងៃ និងដោះស្រាយសេចក្តីត្រូវការចាំបាច់ជូនពលរដ្ឋ។ វេទិកានេះ មានការចូលរួមពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារ អភិបាលស្រុក សមាជិកក្រុម ប្រឹក្សាស្រុក ប្រធាន-អនុប្រធានការិយាល័យជុំវិញស្រុក និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៤០០នាក់ដែលបានអញ្ជើញមកពី ១០ភូមិគឺភូមិ៖ ត្រពាំងថ្ម ត្រពាំងគង អង់ ស្អាង ប្រទេន ទម្ពរ ត្នោតបាក់ អារក្ស កណ្តាល និងភូមិក្ងោក។មានមតិស្វាគមន៍ លោក ឯម សារុំ មេឃុំត្រពាំងគង និងលោក អ៊ួត ឈាងលី អភិបាលនៃគណ: អភិបាលស្រុកបានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីស្ថានភាពភូមិសាស្រ្តរបស់ឃុំ ការងាររដ្ឋបាល ប្រជាជន ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម សេវាសាធារណ:ការងារបង្កបង្កើនផលបញ្ហាជីវភាពនិងជាពិសេសលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ជាបឋម ឯកឧត្តមប្រធានក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា។បើទោះបីសម្តេចមិនបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនដោយផ្ទាល់ ប៉ុន្តែទឹកចិត្តគោរព ស្រឡាញ់ និងបេះដូងរបស់សម្តេចគឺស្ថិតនៅជាប់បងប្អូនគ្រប់ពេលវេលា ហើយសម្តេចទាំង៤ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋយើងចូលរួមពិធីអកអំបុកនៅថ្ងៃទី៩ វិច្ឆិកាខាងមុខ បានគ្រប់ៗគ្នា និងបានជូនពរឲ្យជួបតែពុទ្ធពរទាំង៤កុំបីឃ្លៀងឃ្លាតឡើយ។ក្នុងពិធីសំណេះសំណាលឯកឧត្តមបានជម្រាបជូនបងប្អូន អំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិជា បន្តបន្ទាប់ពីដំណាក់កាលមួយ មកដំណាក់កាលមួយ ហើយជាជំហានៗ ក្រោមការដឹកនាំប្រកបដ៏ភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញទូទាំងផ្ទៃប្រទេស និងឈានទៅធ្វើការអភិវឌ្ឍជាបណ្តើរៗ និងទទួលបានកំណើនសេដ្ឋកិច្ចល្អប្រសើរ ក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ រួមជាមួយនិងការដាក់ចេញនយោបាយធ្វើកំណែទម្រង់គ្រប់វិស័យ ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។ ដូច្នេះ ដើម្បីឈានទៅសម្រេចបានមហិច្ឆតានេះ ឯកឧត្តមប្រធានបានផ្តាំផ្ញើសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ និងភូមិ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ មេត្តាបន្តរក្សាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋានឲ្យបានល្អ កុំជឿ តាមពាក្យមួលបង្កាច់ បំភ្លៃការពិត លាបពណ៌ ឈានទៅបង្កអស្ថិរភាព បះបោរ និងហឹង្សាក្នុងសង្គម។ លោកបានបញ្ជាក់ ជូនពលរដ្ឋថា ប្រទេសយើងមានច្បាប់ ហើយច្បាប់បានដាក់ទោសទាន់ដល់ជនណាដែលមិនគោរព ឬមិនអនុវត្តតាមមិនចំពោះតែគណបក្ស ឬបុគ្គលណាម្នាក់ឡើយត្រូវតែប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់កំណត់។ ដូច្នេះ ក្នុងនាមពលរដ្ឋម្នាក់ត្រូវតែគោរព ច្បាប់ដែលមានជាធរមាននិងដើរតាមមាគ៌ាដ៏ត្រឹមត្រូវ ច្បាស់លាស់ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្ឋបានចោទសួរ សំណូមពរ និងសំណើដូចជាស្តារប្រឡាយ លូទឹក ដី និងគ្រួសក្រហមសម្រាប់ជួសជុលកែលម្អផ្លូវលំ និងសំលៀកបំពាក់ប្រជាការពារ ហើយនិងសហគមន៍កសិកម្មអភិវឌ្ឍកសិករស្នើសុំឃ្លាំងស្តុកស្រូវពូជ ហើយនឹងម៉ាស៊ីនព្រោះស្រូវ។ ដើម្បីជួយចែករំលែក និងដោះស្រាយសំណើ ឯកឧត្តមប្រធាន និងសហការីបានជួយឧបត្ថម្ភថវិកាមួយចំនួនផងដែរ។ ដោយឡែកអ្នកដែលអញ្ជើញមកចូលរួម ម្នាក់ទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *