ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីហ៊ុន សែន÷កម្ពុជា មានមាស៣តោនជាទុនបម្រុង

រាជធានីភ្នំពេញ÷ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ប្រទេស​កម្ពុជា​មាន​មាស​សុទ្ធ​ចំនួន​ ៣០ ​តោន​ ជា​ទ្រព្យ​បម្រុង​សម្រាប់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​អាច​កើត​មានឡើង​។នេះបើយោងតាមការចុះផ្សាយរបស់គេហទំពរ័ក្នុងស្រុក(ភ្នំពេញប៉ុស្ត៍)។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត សាកលវិទ្យាល័យ ប៊ែលធី​អន្តរជាតិ នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​មាស ៣០ ​តោន​ ក្នុង​នោះ​តម្កល់​នៅ​ប្រទេស​ស្វ៊ីស​ចំនួន​ ១២ ​តោន នៅ​ទីក្រុង​ឡុងដ៍​ប្រទេស​ អង់គ្លេស​ ចំនួន​ ១៥ ​តោន និង​ ៣ ​តោន​តម្កល់​នៅ​ធនាគារជាតិ​​នៃ​កម្ពុជា​»​។

លោកនាយក​រដ្ឋមន្ត្រី​កន្លង​មក​ក៏​ធ្លាប់​លើកឡើង​ថា កម្ពុជា​នៅ​មាន​ទុនបម្រុង​អន្តរជាតិ​ដែល​អាច​ឲ្យ​កម្ពុជា​ទូទាត់​ការនាំចូល​ទំនិញ និង​សេវា​បាន​ ៥ ​ខែ​ក្នុង​ករណី​ចាំបាច់​។

ការលើកឡើង​ពី​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី​ចំ​ពេលដែល​ប្រទេស​ កម្ពុជា​ កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាល់​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​ដែល​ត្រូវបាន​គេ​ចាត់ទុក​ថា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ដែល​ពឹង​ផ្អែកលើ​វិស័យ​កាត់ដេរ​។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) កាលពី​ខែ​សីហា​បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប​កុំ​ឲ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ដោយ​អះអាងថា នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កម្មករ​ក្នុង​វិស័យនេះ ៧៥០ ០០០ ​នាក់ និង​គ្រួសារ​ ៣ ​លាន​នាក់​។

ក្រៅពី​ការអះអាង​ពី​ទុនបម្រុង​ជា មាស លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម​ថា គិត​ត្រឹម​ខែ​កញ្ញា អតិរេក​ថវិកា​របស់​ប្រទេស​កម្ពុជា​មាន​ជាង​ ១៥ ​ពាន់​លាន​ដុល្លារ ​ដោយ​មិន​គិតពី​ប្រាក់​បម្រុង​ទុក​អន្តរជាតិ​។

លោក ហ៊ុន សែន ថ្លែង​ទៀតថា ចំណូល​ពន្ធគយ​ឆ្នាំ​នេះ​នឹង​ទទួល​បាន​លើស​ផែនការ​កំណត់​ប្រមាណ ៨០០ លាន​ដុល្លារ​ ដែល​បច្ចុប្បន្ន​ចំណូល​ពី​ពន្ធគយ​សរុប ២ ៣៨៤ លាន ដុល្លារ​ក្នុង​នោះ​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​ពី​ពន្ធគយ​ជាង​ ៥០០ ​លាន​ដុល្លារ​ ក្នុង​មួយខែៗ​ដោយ​ត្រូវ​ចំណាយ​ទៅវិញ​ប្រហែល ៣០០ លាន​ដុល្លារ​។

លោក​បាន​ថ្លែងថា​៖ «​ដូច្នេះ​យើង​សន្សំ​ក្នុង​មួយខែ​បាន​ប្រហែល ២០០ ​លាន​ដុល្លារ យើង​មាន​ប្រាក់​វិនិយោគ​របស់​ខ្លួនឯង​ដោយ​មិន​រង់ចាំ​ស្អី​ក៏​ពី​បរទេសៗ​នោះ​ទេ​»​។

ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ខណៈ​គណៈកម្មការ​អឺរ៉ុប​កាលពី​ខែ​សីហា​បានបញ្ចប់​នីតិវិធី​រយៈពេល​ ៦ ​ខែ​ក្នុង​ការឃ្លាំមើល និង​ការពិគ្រោះ​ផ្សេងៗ​ក្នុង​នីតិវិធី​ផ្អាក​ប្រព័ន្ធ​ EBA សម្រាប់​ប្រទេស​កម្ពុជា​។

រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​លើកឡើង​ថា ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវបាន​ដក​ទាំងស្រុង​នោះ​កម្ពុជា​នឹង​ខាតបង់​ប្រាក់​ប្រមាណ​ជិត ៧០០ ​លាន​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំ​ ដោយ​ការបង់ពន្ធ​។

ទោះបី​បែបនេះ​ក្តី ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) បាន​រក្សា​ការ​ព្យាករ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា​ក្នុង​អត្រា​ ៧ ភាគរយ​ នៅ​ឆ្នាំនេះ និង ៦,៨ ភាគរយ​ ក្នុង​ឆ្នាំ​ ២០២០៕

Leave a Reply

Your email address will not be published. Required fields are marked *