ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី រួមជាមួយក្រុមការងារចុះជួយសង្កាត់ទាំងបួននៃក្រុងសែនមនោរម្យ បានប្រគល់ទឹកបរិសុទ្ធចំនួន ២៥០កេស ជូនឯកឧត្តម ស្វាយ សំអ៊ាង សម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្ត

នាព្រឹកថ្ងៃ១២រោច ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនិងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ លោក សាយ ម៉េងគីម សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី និងសហការី បានប្រគល់អំណោយជាទឹកបរិសុទ្ធចំនួន ២៥០កេស ផ្តល់ជូន ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត សម្រាប់ចាត់ចែង និងប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តលើកទី២ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តមណ្ឌលគិរី។

លោក សាយ ម៉េងគីម បានឱ្យដឹងថា សម្រាប់ទឹកបរិសុទ្ធដែលផ្តល់ជូន ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត គឺជាការចូលរួមចំណែកពីលោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកអចិន្រ្តៃយ៍ រួមទាំងសហការី ក្រុមការងារយុវជនគណបក្សខេត្ត លោក​ លោកស្រីប្រធានក្រុមការងារចុះជួយសង្កាត់ទាំងបួននៃក្រុងសែនមនោរម្យសម្រាប់ជួយដល់ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្ត​ សរុបថវិកាអស់ចំនួន​ ៣លានរៀល។

ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក សាយ ម៉េងគីម ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និងសហការីទាំងអស់ ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារផ្សេងៗដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ ការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។ ឯកឧត្តម បញ្ជាក់ថា សម្ភារទាំងអស់នេះ នឹងជួយដោះស្រាយមួយចំណែក ក្នុងយុទ្ធនាការ​នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនក្រុមគ្រូពេទ្យជួរមុខ ក្រុមការងារស្ម័គ្រចិត្ត និងប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្តផងដែរ៕