ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល ជំរុញឱ្យអាជ្ញាធរក្រុងតាខ្មៅ ស្រាវជ្រាវរកឱ្យឃើញ អ្នកដែលមាន ការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នក ដែលវិជ្ជមានជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស

ខេត្តកណ្តាល ៖ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានប្រជុំបន្ទាន់ជាមួយអាជ្ញាធរក្រុងតាខ្មៅ មន្ត្រីសុខាភិបាល និងកងកម្លាំងមានសមត្ថកិច្ច ក្នុងគោលបំណងដើម្បីដាក់ផែនការស្រាវជ្រាវ រកឱ្យឃើញអ្នក ដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកដែលវិជ្ជមានជំងឺកូវីដ-១៩ ទាំងអស់ក្នុងក្រុងតាខ្មៅ ធ្វើយ៉ាងណាត្រូវនាំអ្នកដែលពាក់ព័ន្ធទាំងនោះ មកយកសំណាក ពិនិត្យ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានឆាប់រហ័ស។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរក្រុងតាខ្មៅ ត្រូវគ្រប់គ្រង ឱ្យបានអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជា មួយនឹងអ្នកដែល វិជ្ជមានជំងឺកូវីដ-១៩ ឱ្យបានច្បាស់លាស់ ត្រូវដាក់អ្នកទាំងនោះ ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌល និងនៅតាមផ្ទះឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល និងគ្រប់គ្រងពួកគាត់ឱ្យធ្វើចត្តាឡីស័ក បានគ្រប់តាមកាលកំណត់ ដោយមិនឱ្យមាន ការគេចវេះ ត្រូវរក្សាអនាម័យ ជាពិសេសអាជ្ញាធរត្រូវផ្គត់ផ្គង់ម្ហូបអាហារ៣ពេល ឱ្យបានសមរម្យសម្រាប់ជូនពួកគាត់។ ចំពោះអ្នកដែលធ្វើចត្តាឡីស័កនៅ ផ្ទះក៏ត្រូវទិញ ម្ហូបអាហារ បន្លែ ត្រីសាច់ និងផ្ដល់អង្ករជូនពួកគាត់ក្នុងអំឡុង ពេលធ្វើចត្តាឡីស័ក ឱ្យបានសមរម្យផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តឱ្យ មន្ត្រីជួរមុខ ដែលកំពុងអនុវត្តន៍ការងារផ្ទាល់ទាក់ទងនឹងជំងឺកូវីដ-១៩នេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វេសប្រហែសជាដាច់ខាត ត្រូវចេះការពារខ្លួនឯងកុំឱ្យឆ្លងជំងឺដ៏កាចសាហាវនេះ ហើយត្រូវបន្តអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន៕

Leave a Reply

Your email address will not be published. Required fields are marked *