ឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំង ប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅផ្លូវជាតិលេខ៣

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំងគណៈបញ្ហាការឯកភាពស្រុកព្រៃនប់ ប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យ ចត្តាឡីស័កនៅស្ពានត្រពាំងរពៅ ស្ថិតនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រំប្រទល់ ខេត្តព្រះសីហនុ និងខេត្តកំពត អមដំណើរដោយលោកអភិបាលស្រុកព្រៃនប់។

ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ គណៈបញ្ហាការឯកភាពស្រុកព្រៃនប់ ត្រូវពង្រឹងប៉ុស្តិ៍ត្រួតពិនិត្យនៅតាមផ្លូវជាតិលេខ៣ ត្រូវរៀបចំវាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគជាប់ជាប្រចាំ។ ត្រូវយកចិត្តទុកដាក់ច្រក ផ្សេង ទៀតមានដូចជា ច្រកក្បែរផ្លូវរថភ្លើង ដើម្បីធ្វើយ៉ាងណាកុំឱ្យប្រជាពលរដ្ឋ របស់យើងចល័ត ចេញ-ចូលពីខេត្តព្រះសីហនុទៅកាន់ខេត្តផ្សេង និងពីខេត្តផ្សេង ចូលមកខេត្តព្រះសីហនុ។ ការរឹតបន្តឹងការចេញចូលនេះ ដើម្បីការពារសុខុមាលភាពជូនបងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ កុំឱ្យឆ្លងរាលដាលជំងឺកូវីដ-១៩ដល់ក្រុមគ្រួសារ និងសហគមព្រោះជំងឺនេះ បាននិងកំពុង រាតត្បាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុ របស់យើង ក្រោយបញ្ចប់ កូវីដរដ្ឋបាលខេត្តនិងបើកផ្លូវឱ្យដំណើរការឡើងវិញ ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋ ចូលរួមសហ ការជាមួយសមត្ថកិច្ចនៅតាមប៉ុស្តិ៍ត្រួតពិនិត្យឱ្យបានខ្ជាប់ខ្ជួន ទើបយើងចៀស ផុតពីជំងឺកូវីដទាំងអស់គ្នា ។

ឯកឧត្តម គួច ចំរើន ក៏បានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ចយកអស់កម្លាំង កាយចិត្តបំពេញតួនាទីភារកិច្ច ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បានល្អ សូមបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីជម្នះជំងឺឆ្លងកូវីដ-១៩ ឱ្យទទួលបានលទ្ធផលល្អនា ពេលខាងមុខ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បាមឧបត្ថម្ភថវិកាចំនួន ១០លាន រៀល ជូនដល់ប៉ុស្តិ៍ត្រួតពិនិត្យធ្វើចត្តាឡីស័កនៅផ្លូវជាតិលេខ៣ ចំណុចស្ពានត្រពាំងរពៅ ផងដែរ៕