ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តឆ្នាំ២០២០ និងកំណត់ទិសដៅការងារឆ្នាំ២០២១

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាប្រជុំខេត្តកំពង់ធំ មានពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត ឆ្នាំ២០២០ និងកំណត់ទិសដៅការងារឆ្នាំ២០២១ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លោកយ៉ុង ហួត អនុប្រធានសម្ព័ន្ធភាពជាតិ និងជាតំណាងឯកឧត្តម ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ លោកបណ្ឌិត ព្រុំ វឌ្ឍនា ជាមន្រ្តីជាន់ខ្ពស់ជំនាញផ្នែកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោង និងជាតំណាងលោកនាយកអង្គការ API និងជាតំណាងក្រុមការងារបច្ចេកទេសគម្រោង និងតំណាងអង្គការ AeA, តំណាងប្រធានគម្រោងខេត្តពោធិ៍សាត់។

លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានធ្វើរបាយការណ៍បូកសរុបស្តីពីគោលបំណងនៃកិច្ចប្រជុំនេះ ជូនអង្គប្រជុំបានជ្រាបថា កិច្ចប្រជុំប្រចាំឆ្នាំនេះដំណើរការទៅបានដោយមានការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) ពីឆ្នាំ២០១៩-២០២១ និងថវិការរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ និងគាំទ្របច្ចេកទេសពីស្ថាប័នដៃគូអនុវត្តគម្រោងនេះរួមមាន៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់, វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការអេដ អាក់ ស្យុង (AeA) ។ ដែលមានសមាសភាពចូលរួមពីសមាជិក-សមាជិការក្រុមប្រឹក្សាថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ និងលោក-លោកស្រី ជាអភិបាលនៃគណ:អភិបាលស្រុក/ក្រុងជុំវិញខេត្ត សរុបរួមចំនួន ១៥៤ រូប (ស្រ្តី ២៧)។ កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖ ១. បង្ហាញ និងអនុម័តរបាយការណ៍វឌ្ឍនភាពនៃសមិទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២០ របស់សមាគម ២. បង្ហាញ និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២០ របស់សមាគម ៣. បង្ហាញ ពិភាក្សា និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ របស់សមាគម ៤. បង្ហាញ និងអនុម័តការកែសម្រួលផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ របស់សមាគម ៥. បង្ហាញអំពីភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែង (SWOT) អំពិការងារគ្រប់គ្រងរបស់សមាគមក្នុងឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ដែលបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនេះឡើង។ កិច្ចប្រជុំក្រុមប្រឹក្សាសមាគមឆ្នាំ២០២០ របស់ក្រុមប្រឹក្សាសមាគម ថ្នាក់មូលដ្ឋានខេត្តកំពង់ធំ នាឱកាសនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងត្រឹមត្រូវនូវ លក្ខណៈរបសសមាគម ដែលនានីតិបុគ្គល តំណាងអោយសម្លេង និងជាអ្នកការពារផលប្រយោជន៍ របស់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ក្នុងខេត្តកំពង់ធំ ព្រមទាំងជាអ្នកអភិវឌ្ឍនសម្ថភាព និងបង្កើតប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលនឹងរួមចំនែកលើកកម្ពស់គុណភាពនៃជីវភាព រស់នៅ និងសុខុមាភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែប្រជាធិតេយ្យនៅមូលដ្ឋាន។

ឯកឧត្តមបានបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ និងក្នុងនាមឯកឧត្តមផ្ទាល់សូមជំរុញបន្ថែមទៀតដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខិតខំពង្រឹងនូវសមត្ថភាព ក្នុងការបម្រើរសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ល្អបន្ថែមទៀត។ ក្នុងមានជាអ្នកដឹកនាំ និងជាអ្នកផ្តល់នូវសេវាសាធារណៈជូនប្រជាពលនៅមូលដ្ឋាន ត្រូវមានការសាមគ្គីភាពរវាង គ្នា និងគ្នា ដើម្បីបម្រើប្រជាពលរដ្ឋអោយមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់ ព្រមទាំងមានភាពម៉ឹងម៉ាត់ ដែលជាសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ។

ជាចុងបញ្ចប់ឯកឧត្តម បានសំណូមពរអោយសមាជិក សមាជិការនៃអង្គប្រជុំទាំងអស់ ត្រូវតែយកបទពិសោធន៍ក្នុងកិច្ចប្រជុំនៅថ្ងៃនេះទៅដឹកនាំនៅមូលដ្ឋានរបស់ខ្លួន ដើម្បីទាក់ទាញចិត្តប្រជាពលរដ្ឋ អោយជឿលើការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន នៅក្នុងការបម្រើផលប្រយោជន៍ជូនពលរដ្ឋ។ ជាពិសេសនោះគឺការជួយទុបស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេសយើងនេះ ព្រមទាំងជួយណែនាំប្រជាជន អោយគោរពតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល៕

Leave a Reply

Your email address will not be published. Required fields are marked *