ព័ត៌មានជាតិ

ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជ្រកក្រោមស្លាកកាស៊ីណូ ថបដាយអឹម៉ុន(Top Diamond) ស្ថិតនៅក្បែរច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវគេសង្កេតឃើញថា បានបើកលេងយ៉ាងគគ្រឹកគគ្រេង

ខេត្តតាកែវ:ប្រភពពីភ្ញៀវដែលចូលទៅលេងនៅទីនោះសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងថា ទីតាំងល្បែងមួយនេះ មានល្បែងជាច្រើន តែល្បែងដែលគេនាំចូលមកលេងច្រើននោះគឺល្បែងបញ្ជល់មាន់ ដោយពេលខ្លះ មានទាំងមន្ត្រីរាជការ ជិះសុទ្ធតែឡានពាក់ស្លាកលេខនគរបាលចូលលេងថែមទៀតផង។

ប្រភពដដែលបានបន្តថា ឈ្មោះ កែម ចន គឺជាអ្នកកាងឲ្យទីតាំងល្បែងស៊ីសងនោះ ហើយទីតាំងមួយនេះគឺមិនមានអ្នកណាហ៊ានក្អក ឬហ៊ានមកក្បែរនោះទេ ព្រោះតែទីតាំងនេះ គឺមានភាគហ៊ុនរបស់លោកស្នងការរងនគរបាលខេត្តតាកែវម្នាក់ ដូច្នេះចង់អ្នកណាធ្វើអីក៏ធ្វើទៅ។

ប្រហែលជាបែបនេះហើយមើលទៅ ព្រោះតែគេឃើញរថយន្តទំនើបមួយគ្រឿងដែលពាក់ស្លាកលេខនគរបាល តែងតែប្រចាំការនៅទីនោះ ដែលប្រហែលជាដើម្បីបន្លាចអាជ្ញាធរឬសមត្ថកិច្ចតូចតាចហើយមើលទៅ។

យ៉ាងណាក៏ដោយរំពឹងថា លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និង ពិនិត្យមើលករណីនេះ ជាមិនខានកុំឱ្យខូចពូជ ព្រោះកូនចៅក្រោមបង្គាប់ យកស្បែកមកកាងកន្លែងល្បែងស៊ីសង។ ព្រោះថាបើតាមច្បាប់របស់រដ្ឋជនជាតិខ្មែរមិនត្រូវបានអនុញ្ញាតឲ្យចូលទៅលេងនៅ កាស៊ីណូនោះទេ លើកលែងតែជនជាតិបរទេស។ ហើយបើនិយាយថា អ្នកចូលលេងទាំងនោះ សុទ្ធតែជនជាតិបរទេសក៏មិនត្រឹមត្រូវដែរ ព្រោះថាពេលនេះប្រទេសវៀតណាម បានបិទច្រកព្រំដែន មិនអនុញ្ញាតឲ្យចេញចូលផ្តេសផ្តាស់ឡើយ ព្រោះតែវិបត្តិកូវីដ១៩។

Leave a Reply

Your email address will not be published. Required fields are marked *