សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ លើផេកហ្វេសបុកផ្លូវការបានសរសេរថា របបដ៏ឃោរឃៅព្រៃផ្សៃយង់ឃ្នងនេះ បានធ្វើឱ្យបាត់បង់ជីវិតមនុស្សស្លូត ត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ លើផេកហ្វេសបុកផ្លូវការបានសរសេរថា របបដ៏ឃោរឃៅព្រៃផ្សៃយង់ឃ្នងនេះ បានធ្វើឱ្យបាត់បង់ជីវិតមនុស្សស្លូត ត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអបអរ សាទរខួបអនុស្សាវរីយ៍លើកទី៤២នៃថ្ងៃជ័យជម្នះ៧ មករា ហើយនៅថ្ងៃ ទី០ ៧ ខែ មករា ឆ្នាំ ២០២១ជាខួបលើកទី៤២ ឆ្នាំ (៧ មករា ១៩៧៩ – ៧ មករា ២០២១) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ខ្មែរក្រ ហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅ ងងឹតអស់រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ។

សម្តេចតេជោក៏បានរម្លឹកផងដែរថា កាលពី ៤២ មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះបំបិទមិនឱ្យមាន ពលរដ្ឋដែលមានសំណាងនៅសល់តែស្បែកដណ្ដប់ឆ្អឹងគឺរង់ចាំតែថ្ងៃស្លាប់ ប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះនៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិ សេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សាជាថ្មីលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ លើកឡើងថា នៅក្នុងខួបអនុស្សាវរីយ៍លើកទី ៤២ នៃថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត។

ក្នុងឆ្នាំសកលថ្មី ២០២១ នេះ សម្តេចតេជោក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕