លោកស្រី គង់ ចាន់បុស្សិបា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះបាក់ច្រាំងស្ទឹងព្រែកត្នោត ចំនួន០៩គ្រួសារ ក្នុងសង្កាត់ព្រែឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្តាល ៖ នាថ្ងៃ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១ លោកស្រី គង់ ចាន់បុស្សិបា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរ ក្រុងតាខ្មៅ បាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្ត ទៅចែកជូនគ្រួសាររងគ្រោះបាក់ច្រាំងស្ទឹងព្រែកត្នោត ចំនួន០៩គ្រួសារ ក្នុងសង្កាត់ព្រែឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះ លោកស្រី គង់ ចាន់បុស្សិបា បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុត។
លោកស្រីបានបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងបានគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំ​ជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ចាស់ជរាគ្មានទីពឹង ជនក្រីក្រ ស្រី្តមេម៉ាយក្រីក្រមានកូនច្រើន អ្នកកំពុងរស់នៅជាមួយ​មេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃ ហើយមានជីវភាពក្រីក្រ កុមារកំព្រា ស្រី្តសម្រាលកូន និងអ្នករង​គ្រោះ​ផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណង​ជួយ​ដោះស្រាយ សម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណា​ម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ ។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្តាល ផ្ដល់ជូនក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីក ១កញ្ចប់, ប្រេងឆា១ដប, ម៉ាស់ ១០បន្ទះ, អាល់កុល១ដប, និង ថវិកាចំនួន ២០ម៉ឺនរៀល និង អនុសាខាកាកបាទ​ក្រហមក្រុងតាខ្មៅថវិកា ១០ម៉ឺនរៀល ផងដែរ៕