​ឯកឧត្តម​បណ្ឌិត ម៉ុង ប្ញ​ទ្ធី អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល និង​សាងសង់​ផ្លូវ​មួយ​ខ្សែ ក្រាល​កៅស៊ូ​ប្រភេទ​(DBST) ត​ភ្ជាប់​ពី​ផ្លូវ​លេខ​១៣០​តាម​បណ្តោយ​ផ្លូវ​លេខ​១២៧ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖​ ឯកឧត្តម​បណ្ឌិត ម៉ុង ប្ញ​ទ្ធី ប្រធាន​គណៈកម្មការ​ទី​៣​ព្រឹទ្ធសភា និង​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៧ (​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង​ខេត្ត​ព្រះសីហនុ​) បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល និង​សាងសង់​ផ្លូវ​មួយ​ខ្សែ ក្រាល​កៅស៊ូ​ប្រភេទ​(DBST) ដែលមាន​ទទឹង​ប្រវែង​៦​ម៉ែត្រ និង​បណ្តោយ​ប្រវែង​៥,៩០០​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​លេខ​១៣០​តាម​បណ្តោយ​ផ្លូវ​លេខ​១២៧ ភូមិ​សំរោង​ជើងភ្នំ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាល​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត ម៉ុង ប្ញ​ទ្ធី បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​នូវ​ការសួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សំរោង​ជើងភ្នំ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ឯកឧត្តម​បណ្ឌិត​បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ការប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​កូ​វីដ​១៩​។​

​ឯកឧត្តម​បណ្ឌិត បាន​ផ្តាំផ្ញើ​ទៅ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​ទាំងអស់ សូមកុំ​ចាក់ដី​ឱ្យ​ខ្ពស់ជាង​ផ្លូវ កុំ​ដាក់​ផ្លាក​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅតាម​ដងផ្លូវ និង​កុំ​សង់​សំយាបផ្ទះ​រំលោភ​មកលើ​ផ្លូវ​។​
​ឯកឧត្តម​បណ្ឌិត​បាន​ជម្រាបជូន​អង្គពិធី​ថា ការជួសជុល និង​កសាង​ផ្លូវ​នេះ ចំណាយ​ថវិកា​ជាង ៦០​ម៉ឺន​ដុល្លារ ត្រូវ​ចាក់​កៅស៊ូ​ប្រភេទ​(DBST) មាន​ចិញ្ចើមផ្លូវ ១​ម៉ែត្រ​កន្លះ និង​ប្រឡាយទឹក​១​ម៉ែត្រ​កន្លះ ទទឹងផ្លូវ​ប្រវែង​១២​ម៉ែត្រ និង​បណ្តោយ​ផ្លូវ​ប្រវែង​៥,៩០០​ម្រ៉ែ​ត នឹង​សាងសង់​ឱ្យ​រួចរាល់​ជា​ស្ថាពរ​នៅ​មុនពេល​បុណ្យចូលឆ្នាំ​ខ្មែរ​នាពេលខាងមុខ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត ក៏បាន​ប្រគេន​នូវ​ស៊ីម៉ងត៍ និង​បច្ច័យ​ដល់​ព្រះសង្ឃ​វត្ត​បឹង​ខ្នា និង​វត្ត​ស្រះ​តា​ច័ន្ទ ដោយ​ក្នុង​មួយ​វត្តៗ​ស៊ីម៉ងត៍​២៥​តោន និង​បច្ច័យ ១​លាន​រៀល នគរបាល​ការពារ​ថវិកា​៥០​ម៉ឺន​រៀល ក្រុមគ្រូពេទ្យ​ប្រចាំការ​ថវិកា​៥០​ម៉ឺន​រៀល និង​ជូន​ថវិកា​ដល់​ឃុំ​សែន​ដី ឃុំ​រលាំងចក និង​ឃុំ​រលាំងគ្រើល ក្នុង​មួយ​ឃុំៗ​ថវិកា​៥០​ម៉ឺន​រៀល ព្រមទាំង​ចែក​ថវិកា​ជូន​ប្រជាពលរដ្ឋ​ចំនួន​២០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​២​ម៉ឺន​រៀល​៕ ដោយ ៖ គង់ សិរី​រ័ត្ន​, រូបថត ៖ ព្រឹទ្ធសភា សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​