សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បានរៀបចំ​ប្រារព្ធ​ធ្វើ​ពិធី​សំណេះសំណាល និង​ចែក អំណោយ មនុស្សធម៌​ដល់ អ្នករស់នៅ​ជាមួយ មេរោគ​អេដស៍ ជំងឺអេដស៍ និង កុមារកំព្រា​ដោយសារ​មេរោគ​អេដស៍

ខេត្តស្វាយរៀង​ ៖ នា​ថ្ងៃ​ច័ន្ទ ៦​រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២១ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បានរៀបចំ​ប្រារព្ធ​ធ្វើ​ពិធី​សំណេះសំណាល និង​ចែក អំណោយ មនុស្សធម៌​ដល់ អ្នករស់នៅ​ជាមួយ មេរោគ​អេដស៍ ជំងឺអេដស៍ និង កុមារកំព្រា​ដោយសារ​មេរោគ​អេដស៍ នៅក្នុង​កម្រិត ក្រ​១ មកពី ៧ ឃុំ ក្នុងស្រុក​ស្វាយទាប ចំនួន ២២ គ្រួសារ និង ៦ សង្កាត់ ក្នុង ក្រុង​ស្វាយរៀង និង​បុគ្គលិក​បណ្តាញ​ចំនួន ២០ គ្រួសារ សរុប​ចំនួន ៤២ គ្រួសារ ។ ក្នុង​គោលបំណង​ដើម្បី​ចូលរួមចំណែក​ជាមួយ រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​លើកកម្ពស់​កិត្តិនាម​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ជា​ឥស្សរជន​ឆ្នើម ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្លើយតប មេរោគ អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍន៍ នៅ​កម្ពុជា ។​

​ដែល​ពិធី​នេះ​ប្រារព្វ​ធ្វើ​នៅ អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយទាប និង​នៅ​អនុសាខា​កាកបាទក្រហមកម្ពុជា ក្រុង​ស្វាយរៀង ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងនាម​គណៈកម្មាធិកា​រ​សាខា និ​អនុសាខា​។​
​មានប្រសាសន៍ សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្តម ម៉ែន វិបុល បាន​ពាំ​នាំនូវ ប្រសាសន៍​របស់​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​នឹករលឹក និង មនោសញ្ចេតនា​អាណិត​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ព្រមទាំង​បាន​ផ្តាំផ្ញើ​ឲ្យ​យកចិត្តទុកដាក់ គិតគូរ​ថែទាំ​សុខភាព​ទាំង​ផ្លូវកាយ​-​ផ្លូវចិត្ត ឲ្យ​បាន រឹងមាំ លេបថ្នាំ​តាម​វេជ្ជបញ្ជារ ហើយ​ទម្លាប់​រស់នៅ​ធម្មតា តាមបែប គន្លង​ថ្មី ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ចូលរួម​ទាំងអស់គ្នា ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្នុង ទិសដៅ​បញ្ចប់​បញ្ហា​អេដស៍​ដែលជា​ការ​គម្រាមកំហែង​ដល់​សុខភាព​សាធារណៈ​នៅ​ឆ្នាំ ២០២៥ ។
​ឯកឧត្តម​ក៏បាន​ថ្លែ​ងំ​ណរ​គុណ​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ខេត្ត​ដែលជា​និច្ច​ជា​កាល​តែងតែបាន​ឧបត្ថម្ភ​ជា សម្ភារៈ​ថវិកា ដល់​សាខា ដើម្បី​មានលទ្ធភាព​ដោះស្រាយ​បញ្ហា​នានា​ដល់​ជន​ងាយ​រងគ្រោះ និង​រងគ្រោះ​ផ្សេងៗ​បាន ទាន់ពេលវេលា ។ ហើយ​សម្ភារៈ​ដែល​បាន​ចែកជូន​នាពេលនេះ​មាន​ចំនួន​តិចតួច មិនអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ របស់​បងប្អូន​នោះទេ ប្រការ​សំខាន់​គឺ​ត្រូវខិតខំ​ប្រកប​របរ​បន្ថែម​តាម​ជំនាញ​រៀងខ្លួន តាមរយៈ​ការដាំ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួ​សារបាន​មួយកម្រិត ។ ហើយ​ត្រូវ​ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ជៀស ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ។ ជាមួយគ្នា​នោះ ឯកឧត្តម បាន​ពាំនាំ​នូវ​សារ​អំពាវនាវ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ពង្រីក​សកម្មភាព​ផ្សព្វផ្សាយ អប់រំ​ផ្សព្វផ្សាយ លើកកម្ពស់ ការយល់ដឹង​ពី​បញ្ហា​អេដស៍ និង​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​ដល់​សហគមន៍​ជនបទ ឲ្យ​បាន​ទូលំទូលាយ ។​

​អំណោយ និង​សម្ភារ​ដែល​សាខា​បាន​ផ្តល់ជូន​ទាំង ៤២ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គ​.​ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោ​ខាប់ ៥ កំប៉ុង មុង ១ ភួយ ១ សា​រ៉ុង ១ ក្រ​ម៉ា ១ អាវយឺត ២ ថវិកា​ធ្វើដំណើរ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៥០,០០០ រៀល ។​ដោយមាន​ការ អាណិត​ស្រលាញ់ បងប្អូន​រងគ្រោះ​ឯកឧត្តម​បាន​ឧបត្ថម្ភ​បន្ថែម ទាំង ៤២ គ្រួសារ ក្នុង ១ គ្រួសារ ថវិកា ៣០,០០០ រៀល ៕