ព័ត៌មានជាតិ របាយកាណ៍ទូទៅ

លោក ឈុ​ន សុភមង្គល កំពុង​ចាប់ផ្តើម​បើកដៃ​ឲ្យ​ឈ្មួញ​ នាំ​ចូល​ទំនិញ​មក​ពី​ថៃ​អត់​បង់ពន្ធ

ខេត្តឧត្តរមានជ័យ ៖ លោក ឈុ​ន សុភមង្គល ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តឧត្ដរមានជ័យ ដែល​ទើបនឹង​ឡើង​កាន់​ដំណែង​ថ្មី បាន​នឹង​កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​ជា​ថ្នូរ​នឹង​ការ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​របស់​ខ្លួន​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ជាំ ស្រុក​អន្លង់​វែង តាម​ច្រក​អូរ​ស្មាច់ ក្រុង​សំរោង និង​តាម​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្ដរមានជ័យ រាល់​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​មក​កម្ពុជា ដែល​សុទ្ធសឹងតែ​មិន​បាន​បង់ពន្ធ​ចូល​រដ្ឋ ឲ្យ​បាន​គ្រប់មុខ​ទំនិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​ថវិកា​របស់​រដ្ឋ​។

​ក្រៅពី​នេះ ក្រុម​ឈ្មួញ​បាន​ចែករំលែក​លុយ ដែល​មិន​បង់ពន្ធ​ទុក​ឲ្យ លោក ឈុ​ន សុភមង្គល ប្រធាន​សាខា​គយ និង​រដ្ឋាករ ខេត្តឧត្ដរមានជ័យ ទើប​រាល់​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ អាច​ឆ្លងកាត់​តាម​ច្រកព្រំដែន​បាន​ដោយ​សេរី​។ តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​លោក ឈុ​ន សុភមង្គល ដែល​ទើបតែ​ផ្លាស់​មក​កាន់​ជា​ប្រធាន​សាខា​គយ និង​រដ្ឋាករ ខេត្តឧត្ដរមានជ័យ បាន​ឃុបឃិត​ជាមួយ​ប្រធាន​ស្នាក់​ការ​គយ និង​រដ្ឋាករ ប្រចាំ​ច្រក​អន្តរជាតិ​ជាំ ច្រក​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រក​ជប់​គគីរ បាន​នឹង​កំពុង​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ដោយ​គាបសង្កត់​លើ​ក្រុម​អាជីវករ​ដែល​រកស៊ី​តូចតាច​ទៅ​វិញ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់ នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ឈ្មួញ​មួយ​ចំនួន​អាច​នាំ​ចូល​ជ្រូក​រស់ និង​មាន់​រស់​យ៉ាង​ពេញ បន្ទុក​តាម​ច្រកព្រំដែន ដោយសារ​មានការ​ឃុបឃិត​ជាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ​។ ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​នាំ ចូល​មាន់​រស់​ពី​ទឹកដី​ថៃ ឆ្លងកាត់​ច្រកព្រំដែន បាន​ត្អូញត្អែ​ថា មុខរបរ​របស់​ពួក​គាត់​ផល​ចំណេញ​តិចតួច​បំផុត ដោយសារ​តែ​មន្ត្រី​គយ នៅ​តាម​ច្រកព្រំដែន​តំរូវ​ឲ្យ​បង់លុយ​ច្រើន និង​បង់​ឲ្យ​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ផង​ដែរ​។

ពាក់ព័ន្ធ​បញ្ហា​នេះ​ប្រជាពលរដ្ឋ និង​អាជីវករ​បាន​ធ្វើការ​អំពាវនាវ​ដល់ ឯកឧត្តម អ៊ួ​ន ព័ន្ធ​មុនី​រ័​ត្ន ឧ​ប​នា យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជា​ឲ្យ​ចុះ​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ពុក​រលួយ​របស់​លោក ឈុ​ន សុភមង្គល ប្រធាន​សាខា​គយ និង​រដ្ឋាករ ខេត្តឧត្ដរមានជ័យ ប្រធាន​ស្នាក់​ការ គយ និង​រដ្ឋាករ ប្រចាំ​ច្រកព្រំដែន​ទាំង​បី ក្នុង​ខេត្តឧត្តរមានជ័យ​៕

Leave a Reply

Your email address will not be published. Required fields are marked *