រដ្ឋសភាកម្ពុជា បានសម្រេចទទួលស្គាល់និងផ្តល់សុពលភាពដល់អ្នកតំណាងរាស្ត្រ ថ្មីចំនួន២រូប តាមសំណើរបស់គណបក្សដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តតំណែង ជំនួសកៅអីដែលសមាជិកចាស់បានសុំលាលែងទៅកាន់ការងារក្នុងជួររាជរដ្ឋាភិបាល

រាជធានីភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានសម្រេចទទួលស្គាល់និងផ្តល់សុពលភាពដល់អ្នកតំណាងរាស្ត្រ ថ្មីចំនួន២រូប តាមសំណើរបស់គណបក្សដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តតំណែង ជំនួសកៅអីដែលសមាជិកចាស់បានសុំលាលែងទៅកាន់ការងារក្នុងជួររាជរដ្ឋាភិបាល។
អង្គរដ្ឋសភាចំនួន១១០រូប ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត និងផ្តល់សុពលភាពចំពោះឯកឧត្តម លី ស៊ុគ្រី ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដើម្បីបំពេញកៅអីឯកឧត្តម សុខ សូកាន ដែលបានលាតំណែងទៅកាន់ការងារថ្មី ជារដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម សៅ សារ៉ាត់ ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ជំនួសលោកជំទាវ បាន ស្រីមុំ ដែលទៅកាន់ ការងារថ្មីជាអភិបាលខេត្តប៉ៃលិន។
សម្តេចពញាចក្រី ហេង សំរិន ប្រកាសថា អ្នកតំណាងរាស្ត្រទាំង២រូបនេះ បានក្លាយជាសមាជិករដ្ឋសភាពេញសិទ្ធិចាប់ពីពេលនេះទៅ ដោយអនុលោម តាមការបោះឆ្នោតជ្រើសតាំងដោយសំឡេងភាគច្រើន។
ជាមួយគ្នានេះ រដ្ឋសភា ក៏បានផ្តល់ការតែងតាំងដល់សមាជិក គណៈកម្មការ ជំនាញ២រូបទៀត តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា គឺឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងលោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹក ជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមបញ្ជាក់ថា រដ្ឋសភា សម្រាប់នីតិកាលទី៦នេះមានសមាជិកសរុបចំនួន១២៥រូប មកពីមណ្ឌលរាជធានីខេត្តទាំង២៥ នៃប្រទេសកម្ពុជា។ សមាជិកទាំងនេះ ត្រូវបាន បែងចែកតាមគណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដើម្បីអនុវត្ត និងដោះស្រាយ ការងារ ដែលឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត៕