ព័ត៌មានជាតិ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ស្នើបងប្អូនប្រជាពលរដ្ឋ ត្រូវគោរពតាមការណែនាំរបស់ សម្តេចតេជោ និងរបស់ក្រសួងសុខាភិបាល ហើយឆ្លងកាត់ព្រឹត្តិការណ៍នេះទាំងអស់គ្នា

រាជធានីភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ដំណាក់កាលនេះ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ និងរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា ដើម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៌ដ៏ស្មុគស្មាញថ្មីមួយនេះ។

លោកជំទាវវេជ្ជបណ្ឌិត បានថ្លែងថាបន្ថែមបន្ទាប់ពីមានការចោទដាក់បន្ទុក និងបន្ទោសទៅលើស្ត្រីដែលផ្ទុកវីរុសកូវីដ-១៩ ម្នាក់ ដោយសង្កត់ធ្ងន់ថា ៖ «ខ្ញុំសុំលើកដៃអង្វរលោកអ្នកទាំងអស់គ្នា សូមមេត្តាកុំរុញឱ្យខ្លោច កុំរោចឱ្យឆៅអី កុំគិតរកកំហុសទម្លាក់ដាក់អ្នកនេះ ឬអ្នកនោះអីណា។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺបុគ្គលគ្រប់រូបចាំបាច់ត្រូវអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនមែនទែន ធ្វើយ៉ាងណាកុំឱ្យមានការចម្លងមកខ្លួនឯង កុំឱ្យពីបុគ្គលម្នាក់ចម្លងទៅបុគ្គលម្នាក់ទៀត និងកុំឱ្យចម្លងក្នុងសហគមន៍»។

លោកជំទាវក៏បានបន្តផងដែរថា នៅប្រទេសគេដែលមានធនធានច្រើនជាងកម្ពុជាផង នៅតែគ្រប់គ្រងមិនបាន ឈឺរាប់សែន រាប់លាននាក់ និងស្លាប់រាប់ពាន់ រាប់សែបនាក់ដែរ។ ប្រទេសកម្ពុជាតូច ធនធានតិច ខិតខំទប់ស្កាត់បានជិតមួយឆ្នាំហើយ ដែលមិនមានការចម្លងចូលសហគមន៍ ទើបតែថ្ងៃនេះទេ ដែលជាថ្ងៃដំបូងនៃការចម្លងក្នុងសហគមន៍ ដែលក្រុមការងារទាំងអស់ និងថ្នាក់ដឹកនាំក្រសួង បានខិតខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់ការរាតត្បាតបន្ត និងដើម្បីសុខភាពទាំងអស់គ្នា។

ស្មារតីសាមគ្គីភាព របស់ប្រជាពលរដ្ឋកម្ពុជា នឹងរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីជំនះឧបសគ្គមួយនេះទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *