ព័ត៌មានជាតិ

ក្រសួងអប់រំបានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សារដ្ឋនិងឯកជននៅរាជធានីភ្នំពេញ និង ទីរួមខេត្តកណ្តាល បើកដំណើរការឡើងវិញ ប៉ុន្តែត្រូវអនុវត្តស្ដង់ដារអនាម័យឱ្យបានខ្ជាប់ខ្ជួនរបស់ក្រសួងសុខាភិបាល

រាជធានីភ្នំពេញ៖ ក្រសួងអប់រំបានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សារដ្ឋនិងឯកជននៅរាជធានីភ្នំពេញ និង ទីរួមខេត្តកណ្តាល បើកដំណើរការឡើងវិញ ប៉ុន្តែត្រូវអនុវត្តស្ដង់ដារអនាម័យឱ្យបានខ្ជាប់ខ្ជួនរបស់ក្រសួងសុខាភិបាល ដើម្បីធានាបាន នូវសុខមាលភាពរបស់សិស្សានុសិស្សនិងបញ្ចៀសជំងឺឆ្លងកូវីដ-១៩និងជំងឺឆ្លងនានា ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រោយពីបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ក្រសួងអប់រំយុវជននិងកីឡា បានស្នើសុំគោលការណ៍ពីសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបើកដំណើរការគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន នៅរាជធានីភ្នំពេញ និង នៅ ទីរួមខេត្តកណ្តាល ដើម្បីអាចឱ្យសិស្សានុសិស្សចូលរៀនជាប្រក្រតីឡើងវិញ នៅក្នុងដំណាក់កាលទី៣នេះ ។ ការប្រកាសបើកសាលារៀនឡើងវិញនេះ បានធ្វើឡើងខណៈដែលអ្នកជាប់ពាក់ព័ន្ធមួយចំនួនក្នុងព្រឹត្តិការណ៍៣វិច្ឆិកា នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល បានបញ្ជាក់ពីការធ្វើតេស្តលើក ទី៤ អវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា កន្លងមក។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការបើកដំណើរការសាលារៀនឡើងវិញ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នាទីស្ដីការក្រសួងអប់រំ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រោយពីប្រកាសបើកឱ្យ ដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សា ក្រសួងក៏បានអនុញ្ញាតបើកឱ្យដំណើរការឡើងវិញផងដែរ នូវពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលអាចឱ្យលេងកីឡាផ្សេងៗ តែត្រូវអនុវត្តស្ដង់ដារដែលក្រសួងបានដាក់ចេញ គឺការរក្សាគម្លាតសុវត្ថិភាព និង ស្ដង់ដារសុវត្ថិភាពអនាម័យ ។

សំឡេង«ក្រសួងអប់រំយុវជននិងកីឡាសូមប្រកាសឱ្យសិស្សានុសិស្ស មាតាបិតា លោកគ្រូអ្នកគ្រូ អាណាព្យាបាល សូមបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញទាំងរដ្ឋនិងឯកជន ចាប់តាំងពីថ្ងៃទី២៣ ខែវិច្ឆិកា នេះតទៅ »។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តអំពាវនាវឱ្យគ្រឹះស្ថានសិក្សាទូទាំងព្រះរាជាណាចក្រកម្ពុជា សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលការអនុវត្តស្ដង់ដារអនាម័យនិងសុវត្ថិភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបន្តការពារកុំឱ្យមាន ការចម្លងជំងឺកូវីដ-១៩ឆ្លងចូលសហគមន៍ ។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងក៏នឹងរៀបចំឱ្យមានការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី៣០ខែវិច្ឆិកានេះ ហើយនិងមានការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២០នេះផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *