ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញបន្តចែកម៉ាស់សម្តេចហ៊ុន សែន ជូនកម្មករ កម្មការិនី ខាងវិស័យសំណង់ជាង១០ម៉ឺននាក់ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់កុំឱ្យមានការចម្លងជំងឺកូវីដ-១៩

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបន្តចែកម៉ាស់ជូនកម្មករ កម្មការិនី ខាងវិស័យសំណង់ជាង១០ម៉ឺននាក់ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់កុំឱ្យមានការចម្លងជំងឺកូវីដ-១៩ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយ សមាគមអភិវឌ្ឍលំនៅឋានកម្ពុជាក្នុងការចែកម៉ាស់ជូនទៅដល់ក្រុមកម្មករសំណង់ទំាងអស់នៅទូទំាងរាជធានីភ្នំពេញ ដែលមានរហូតដល់ជាង១០ម៉ឺននាក់។
ថ្លែងក្នុងពិធីចែកម៉ាស់ជូនកម្មករសំណង់ជាង៧០០នាក់ ជាកម្មករដែលបាននិងកំពុងបំពេញការងារនៅបុរីមួយកន្លែង ក្នុង រាជធានីភ្នំពេញ ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការចែកម៉ាស់ទៅដល់កម្មករនេះ គឺដោយអនុវត្តន៍ ទៅតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយឱ្យ អាជ្ញាធរ បន្តចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋដែលក្រីក្រ មិនមានលទ្ធភាពក្នុងការទិញម៉ាស់យកមកប្រើប្រាស់ការពារជំងឺ កូវីដ-១៩។
ឯកឧត្តមបានឱ្យដឹងថា សម្ដេចតេជោ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនថាប្រជាពលរដ្ឋក្រីក្រ ឬ មានទ្រព្យ នោះទេ ជាពិសេសបងប្អូនកម្មករ កម្មការិនី ជាមុខសញ្ញាមួយដែលត្រូវផ្តល់ម៉ាស់ជូន ដោយសារតែកម្មករ ភាគច្រើន មិនសូវពាក់ម៉ាស់និងខ្វះលទ្ធភាពក្នុងការទិញម៉ាស់ពាក់ ។
ឯកឧត្តមបានបញ្ជាក់ថា ម៉ាស់ដែលបានចែកជូននេះ គឺម្នាក់ចំនួន២ម៉ាស់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរ ដោយបងប្អូនកម្មករអាចបោកសំអាតមួយហើយពាក់មួយទៀតបាន ។
ជាការគិតគូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរជុំវិញទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសគឺសុខមាលភាពសាធារណជូនប្រជាពលរដ្ឋ ។ ដុច្នេះសូមឱ្យបងប្អូនជ្រួតជ្រាបថា នេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីដែលលោកតែងតែគិតគូរដល់បងប្អូនកម្មករ កម្មការិនីយើងទាំងអស់ ហើយបន្តពីនេះ យើងនឹងសហការជាមួយ លោកឧកញ៉ាប្រធានសមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីចែកជូនទៅដល់កម្មករ កម្មការិនី លើវិស័យសំណង់នេះនៅទីតាំងផ្សេងៗទៀត ចំនួនប្រហែលជាង១០ម៉ឺននាក់។ ឯកឧត្តមបានអំពាវនាវសូមឱ្យបងប្អូនដែល ទទួលបានម៉ាស់ មេត្តាពាក់ឱ្យជាប់ជានិច្ច ដើម្បីថែរក្សាសុខភាពតាមគោលបំណងរបស់សម្តេច ដើម្បីចៀសផុតពីការឆ្លងជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាក្រកម្ពុជា បានផ្តល់ម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនមកសាលារាជធានីភ្នំពេញ ដើម្បីយកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលមិនមានលទ្ធភាពក្នុងការទិញម៉ាស់ យកមកប្រើប្រាស់ ៕

Leave a Reply

Your email address will not be published. Required fields are marked *