ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ស្តីពី ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

រាជធានីភ្នំពេញ ៖ នៅថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ស្តីពី ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

កន្លងមកក្រសួងមហាផ្ទៃបានទទួលយកការដោះស្រាយចំពោះបណ្តឹង សំណើ សំណូមពរ មតិយោបល់ ការថ្នាំងថ្នាក់ ឬក្តីកង្វល់របស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ តាមរយៈ ការដាក់លិខិតចូលមកក្រសួងមហាផ្ទៃ តាមរយៈផេកហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង និងតាមរយៈ ការដកស្រង់សារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គ​ម​នានា ដើម្បីបញ្ជូនទៅឱ្យអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនានា ចំណុះក្រសួង រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរ​បាល​រាជធានី-ខេត្ត ធ្វើការដោះស្រាយ ។ ក្រសួងចាត់ទុកថា នេះជាវិធីផ្តល់សេវាជូនប្រជាពលរដ្ឋមួយដ៏សំខាន់។ ដោយពិនិត្យឃើញថា ការដោះស្រាយបញ្ហាខាងលើ មួយចំនួនទទួលបានលទ្ធផលល្អប្រសើរ និងបានឆ្លើយតបទាន់ពេលជូនប្រជាពល​រ​ដ្ឋ​ និងបញ្ហាមួយចំនួនទៀត មិនទាន់ទទួលបានលទ្ធផលនៅឡើយ ហេតុនេះក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់គ្រប់បណ្តាអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនានា ចំណុះក្រសួង រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដូចខាងក្រោម ៖

– ត្រូវយកចិត្តទុកដាក់តាមដាន និងធ្វើការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយបានល្អ តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ

– ត្រូវធ្វើការដោះស្រាយហើយដោះស្រាយទៀត រហូតទទួលបានលទ្ធផលដល់ចប់ អោយបានត្រឹមត្រូវ ប្រកបដោយតម្លាភាព និងយុត្តិធម៌

– ត្រូវធ្វើរបាយការណ៍អំពីលទ្ធផលនៃការដោះស្រាយជូនមកក្រសួងមហាផ្ទៃវិញ ដើម្បីក្រសួងមានវិធានការបន្ត។

ទទួលបានសេចក្តីណែនាំនេះ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គាធិការនៃអគ្គាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយក ដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកនៃអគ្គនា​យ​កដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អភិ​បា​ល​នៃ​គណៈអភិបាលរាជធានី-ខេត្ត ស្នងការនៃស្នងការដ្ឋាន រាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវអនុវត្តតាមសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *