ព័ត៌មានជាតិ

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បាននាំយកនូវបរិក្ខារ ទេយ្យទាន បច្ច័យ ទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាល១ត្រីមាសនៅវត្តចំនួន២៩ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់  សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំង មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក មន្ត្រីរាជការ និងសហការី បាននាំយកនូវបរិក្ខារ ទេ​យ្យ​ទា​ន បច្ច័យ ទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាល១ត្រីមាសនៅវត្តចំនួន២៩ ក្នុងស្រុក​អ​​​​ង្គស្នួល ខេត្តកណ្តាល ដែលពិធីនេះប្រារព្ធធ្វើនៅវត្តអង្គពពាយ ។

ឯកឧត្ដម នៃ ចារី បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រ​តិ​បត្តិតាម ព្រោះ​ថា​ព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់​នៅ​​​ក្នុងសង្គមមួយដោយសុខដុមរមនា ។

ឯកឧត្តមបានបន្តថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត តែងតែបាននាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល  ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រ​ហែ​ស និងភ្លេចខ្លួន ក្នុងការការពារខ្លួន ពីជំងឺកូវីដ-១៩នោះឡើយ បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាមានស្ថានភាពប្រសើរឡើងក្ដី សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ ខ្ជួននូវវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រលកទី២។

សូមបញ្ជាក់ផងដែរថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើតខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត នៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង ។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀន វស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា ។

សម្ភារបរិក្ខាដែលបានប្រគេនព្រះសង្ឃ ដល់វត្តទាំង២៩វត្ត រួមមាន៖ បច្ច័យសម្រាប់ចង្ហាន់ព្រះសង្ឃចាំព្រះវស្សា ក្នុង១វត្ត បច្ច័យ ៤០ម៉ឺនរៀល ទៀន១គូរ អង្ករ៥០គីឡូក្រាម និងស្លាដក១។

ដោយឡែកវត្តអង្គពពាយ បច្ច័យ៦០ម៉ឺនរៀល អង្ករ២បាវ ទឹកផ្លែឈើ២កេស ទឹកបរិសុទ្ធ៣ មី៣កេស ទៀនវស្សា ១គូរ ស្លាកដក១ និងព្រះសង្ឃចំនួន១៤អង្ឃ ក្នុង១អង្គ ថវិកា ៤ម៉ឺនរៀល ព្រមទាំងយាយជី តាជី  និងពុទ្ធបរិស័ទចំណុះជើងវត្ត ចំនួនជាង១០​០​នា​ក់​ ក្នុងម្នាក់ៗ ថវិកា២ម៉ឺនរៀល។

Leave a Reply

Your email address will not be published. Required fields are marked *