ព័ត៌មានជាតិ

អាជ្ញាធរក្រុងភ្នំពេញនឹងបញ្ចប់ប​ញ្ហា​​​​​​ជម្លោះដីធ្លីនៅតំបន់អភិវឌ្ឍន៍ឫ​ស្សី​កែ​​​​​​វឲ្យចប់រួចរាល់នៅពេលឆាប់ៗនេះ​ បន្ទាប់ពីជម្លោះដីធ្លីធំៗត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ

រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងបញ្ចប់បញ្ហាជម្លោះដីធ្លីនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវឲ្យចប់រួចរាល់នៅពេលឆាប់ៗនេះ បន្ទាប់ពីជម្លោះដីធ្លីនៅសហគមន៍បុរីកីឡា និងតំបន់បឹងកក់ ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តដោះស្រាយបញ្ហាជម្លោះដីធ្លីនៅ​តំបន់អភិវឌ្ឍន៍ឫស្សីកែវ ឲ្យរួចរាល់ជាស្ថាពរនៅខែក្រោយនេះ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានសំណងសមរម្យ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម លើកឡើងថា ប្រសិនបើគ្មានបញ្ហានយោបាយមកឡូកឡំ ដូចបញ្ហាជម្លោះដីធ្លីនៅរាជធានីភ្នំពេញនាពេលកន្លងមកនោះទេ ការដោះស្រាយនោះនឹងបញ្ចប់ដោយជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាតំាងពីយូរមកហើយ។ ដោយបញ្ហាដីធ្លីតំបន់បឹងកក់បានអនុវត្តដោះស្រាយចប់សព្វគ្រប់ នៅឡើយតែដីអភិវឌ្ឍន៍ឫស្សីកែវ។ នៅប្រហែលមួយខែទៀតនឹងបញ្ចប់ការងារដូចគ្នា។ ការដោះស្រាយក្នុងករណីដែលនៅក្នុងតំបន់ខាងលើនេះ ប្រសិនបើមិនមានបញ្ហានយោបាយឡូកឡំ ហើយអ្នកដោះស្រាយប្រកបដោយតម្លាភាព យើងអាចទទួលជោគជ័យ។ យើងបានជម្រាបប្រជាពលរដ្ឋឲ្យយោគយល់ ហើយបង្កើនការទុកចិត្តមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី។ បានជម្រាបជូនខាងលើហើយ គ្មានទល្ហីករណ៍ណា សម្តេចចង់ឲ្យប្រជាពលរដ្ឋជួបនឹងហានិភ័យនិងភាពក្រីក្រទេ។

យោងតាមរបាយការណ៍របស់រដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹងថា រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើប្រទានកម្មដីសរុប បានចំនួន ២៩ ទីតាំង លើផ្ទៃដីទំហំ ៨២ ហិកតា ដើម្បីប្រគល់ជូនប្រជាពលរដ្ឋប្រមាណ ១ម៉ឺន៨ពាន់គ្រួសារ និងបានបិទបញ្ចប់ទាំង​ស្រុ​ង​រឿងទំនាស់ដីធ្លីរុំារ៉ៃ ដូចជា តំបន់អភិវឌ្ឍន៍បឹងទំពន់ ជើងឯក តំបន់អតីតផ្លូវដែក តំបន់ស្ថានីយបូមទឹកទួលគោក តំបន់ស្ថានីយស្តុកទឹកបឹងត្របែ​ក និងតំបន់មិនរៀបរយមួយចំនួនទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *