បន្ទាប់ពីការផ្សព្វផ្សាយរបស់សារព័ត៌មាន The Cambodia Daily ដែលចោទប្រកាន់ថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាមេខ្លោងបណ្តាញរកស៊ីឈើខុសច្បាប់កាលពីពេលថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានឆ្លើយតប ដោយទាមទារឱ្យសារព័ត៌មាននេះបង្ហាញភ័ស្តុតាង បើមិនដូច្នេះទេ ត្រូវកែសម្រួលជាបន្ទាន់។ ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងនាមក្រសួងព័ត៌មាន បានសម្តែងនូវការគាំទ្រចំពោះប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបានទាមទារឱ្យសារព័ត៌មាន The Cambodia Daily នេះ បង្ហាញនូវភ័ស្តុតាង ជាអំណះអំណាងចំពោះការផ្សាយរបស់ខ្លួន។
ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ថែមថា សម្រាប់ក្រសួងព័ត៌មាន សារព័ត៌មាន The Cambodia Daily មិនមែនជាសារព័ត៌មាន ដែលបានបំពេញតួនាទីភារកិច្ច ដោយមានវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននោះទេ។ សារព័ត៌មានមួយនេះគ្រាន់តែជាឧបករណ៍ឃោសនាដែលបម្រើឱ្យផលប្រយោជន៍ ក្រុមអមត្តិ ឬក្រុមអគតិ ចំពោះសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែប៉ុណ្ណោះ។ សារព័ត៌មានមួយដែលទទួលបានការជឿជាក់ គឺជាសារព័ត៌មានដែលផ្សព្វផ្សាយតែព័ត៌មានពិត មានប្រភពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងត្រូវគោរពឱ្យបានត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់តាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន មិនមែនជាសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មាន ប្រឌិត បំភ្លៃខុសពីការពិតនោះទេ។ ម៉្យាងវិញទៀត ប្រជាជនកម្ពុជាក៏បានយល់ដឹង ជ្រួតជ្រាបអំពីភាពមិនសុចរិតរបស់សារព័ត៌មានមួយនេះ និងក៏មិនជឿតាមការញុះញង់របស់សារព័ត៌មានមួយនេះដែរ។