នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហាអភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងតំណាងមន្ទីរ អង្គភាព ស្ថាប័ន ជំនាញពាក់ព័ន្ធ និងសមត្ថកិច្ចប្រដាប់អាវុធក្នុងខេត្តផងដែរ ដើម្បីបែងចែកភារកិច្ចពាក់ព័ន្ធនឹងការងារបង្ហែគប់ភ្លើងស៊ីហ្គេម និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ខាងមុខ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីតបតាមការស្នើសុំរបស់គណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រុមការងារសហព័ន្ធខ្មែរទោចក្រយាន និងការងារគប់ភ្លើងស៊ីហ្គេម ដែលនឹងរៀបចំនៅថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ខាងមុខ នៅប្រាសាទអង្គរវត្តខេត្តសៀមរាប។
លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា៖ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាយើងរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់ខេត្តសៀមរាប មានកីឡាពីរប្រភេទ គឺប្រណាំងកង់(កង់គួក និងកង់ភ្នំ) និង កីឡាអត្តពលកម្ម(រត់ម៉ារ៉ាតុន និងដើរប្រណាំង) នៅតំបន់អង្គរ និងនៅឧទ្យានជាតិជើងភ្នំគូលែន។ ការប្រកួតចាប់ពីថ្ងៃទី០៦ ដល់ទី១៣ខែឧសភា។ ប្រតិភូអគ្គពលិក០៩ប្រទេស ចំនួនជាង ១០០នាក់ ក្រុមការងារសហព័ន្ធខ្មែរទោចក្រយាន និងគណ:កម្មាធិការ ខេមសុខ ចំនួនប្រមាណ ២០០នាក់ សរុបទាំង អស់ចំនួនជាង ៣០០នាក់ ពួកគាត់នឹងមកដល់ខេត្តសៀមរាបជាបន្តបន្ទាប់នៅថ្ងៃទី០១ ខែឧសភា។
លោកស្រី អភិបាលរងខេត្ត បញ្ជាក់ថា៖ ពាក់ព័ន្ធនឹងការងារដ៏មានសារសំខាន់ខាងលើនេះ ថ្មីៗកន្លងមករដ្ឋបាលខេត្ត បានជួបប្រជុំជាបន្តបន្ទាប់ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ខេត្តហើយអង្គប្រជុំបានស្នើដល់រដ្ឋបាលខេត្តសៀមរាប រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ លើយន្តការមួយចំនួនដូចជា៖ ជួយការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងចរាចរណ៍ ជួយរៀបចំរថយន្ត -ម៉ូតូស៊ីស៊ីរ៉ែន រៀបចំភ្លើងបំភ្លឺដងផ្លូវតាមគោលដៅ រៀបចំបង្គន់ចល័ត រៀបចំរថយន្តពេទ្យ និងមន្ទីរពេទ្យ តាមដងផ្លូវគោលដៅ រៀបចំឲ្យមានអ្នកចូលរួមអបអរសាទរ ជួយសម្អាតអនាម័យតាមដងផ្លូវ តាមមុខផ្ទះ ស្នើសុំជួយសម្រួលចរាចរណ៍ និងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងកំឡុងពេលហ្វឹកហាត់ និងពេលប្រកួត។ល។ លោកស្រី ក៏បានបញ្ជាក់ផងដែរថា៖ មុននឹងឈានដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមមកដល់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ព្រះបរមរាជវាំង សហការជាគណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (Camsok) នឹងមានពិធីសុំព្រះអគ្គីកីឡា និងការដង្ហែគប់ភ្លើងកីឡាផងដែរ។ លោកស្រី ម៉ននី រង្សី បញ្ជាក់ទៀតថា៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នឹងយាងមកក្នុងព្រះរាជពិធីសុំព្រះអគ្គីកីឡា នៅទីតាំងក្តារបែនបរិវេណខាងក្នុង នៃប្រាសាទអង្គរវត្ត និងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែភ្លើងគប់កីឡាទៅ នឹងចេញពីវត្តរាជបូណ៌ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តដំណើរទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន និងជុំវិញបឹងទន្លេសាប ហើយថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ភ្លើងគប់នឹងដង្ហែមកដល់ខេត្តសៀមរាប ជាថ្មី រួចបន្តដង្ហែទៅខេត្តកំពង់ធំនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ដោយខេត្តសៀមរាបទទួល រៀបចំគប់ភ្លើងកីឡាចំនួន ២ដង។ លោកស្រី បន្ថែមថា៖ ពាក់ព័ន្ធករណីនេះ អង្គប្រជុំបានស្នើខេត្តសៀមរាបជួយសម្របសម្រួលរៀបចំការងារសន្តិសុខ សណ្ដាប់ធ្នាប់ តាមដងផ្លូវដែលគប់ភ្លើងកីឡា ឆ្លងកាត់ រៀបចំសម្អាត អនាម័យ ក្នុងក្រុងសៀមរាប រៀបចំប្រជាពលរដ្ឋចូលរួមអបអរសាទរតាមដងផ្លូវ ដែលភ្លើងគប់កីឡាឆ្លងកាត់ដោយមានគ្រវីទង់ជាតិ។ លោក ស្រីបានណែនាំ និងជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអង្គភាព ស្ថាប័ន មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី ដែលភ្លើងគប់កីឡាឆ្លងកាត់ កងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ទាំងអស់សហការជិតស្និទ្ធ និងអនុវត្តតាមគោលដៅនៃតម្រាយផ្លូវដែល Camsok បានកំណត់ និងបំពេញការងារតាមតួនាទីភារកិច្ចជំនាញរបស់ខ្លួនដែលរដ្ឋបាលខេត្តបានបែងចែក ឱ្យមានប្រសិទ្ធភាពខ្ពស់។