ព័ត៌មានកីឡា ព័ត៌មានជាតិ ព័ត៌មានសុខភាព និងសម្រស់ របាយកាណ៍ទូទៅ

គណៈកម្មការចម្រុះនៃគណៈកម្មាធិការជាតិ CAMSOC នឹងចុះពិនិត្យរួមគ្នានៅកន្លែងហូបចុកស្នាក់នៅ និងវាយតម្លៃចុងក្រោយ ដើម្បីឱ្យមានភាពកក់ក្តៅ ក្នុងការត្រៀមទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ ភ្ញៀវអន្តរជាតិ ក្នុងរង្វង់ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់

នៅដំណាច់ខែធ្នូ ឆ្នាំ២០២២នេះ គណៈកម្មការចម្រុះនៃគណៈកម្មាធិការជាតិ CAMSOC នឹងចុះពិនិត្យរួមគ្នានៅកន្លែងហូបចុកស្នាក់នៅ និងវាយតម្លៃចុងក្រោយ ដើម្បីឱ្យមានភាពកក់ក្តៅ ក្នុងការត្រៀមទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ ភ្ញៀវអន្តរជាតិ ក្នុងរង្វង់ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់ ក្នុងពេលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះជាតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣(CAMSOC/CAMAPGOC) ក្រោយកិច្ចប្រជុំ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC។

ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា កិច្ចប្រជុំដ៏មានសារៈសំខាន់ថ្ងៃនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំពិនិត្យមើលវឌ្ឍនភាពការងាររបស់គណៈកម្មការជំនាញរបស់ខ្លួនទាំងអស់។ ជាមួយគ្នានេះគណៈអចិន្រ្តៃយ៍ ក៏បានពិនិត្យមើលលើបញ្ហាប្រឈមទាំងអស់ ដើម្បីដោះស្រាយឱ្យទាន់ពេលវេលាផងដែរ។ បញ្ហាសំខាន់ ដែលឯកឧត្តមបណ្ឌិត ថោង ខុន បានផ្តល់អនុសាសន៍ណែនាំ ក្នុងកិច្ចប្រជុំថ្ងៃនេះ គឺផ្តោតយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាស្នាក់នៅ ហូបចុក ការបដិសណ្ឋារកិច្ច និងទីលានប្រកួតផងដែរ ដើម្បីត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយនៃដំណើរការត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា នៅដំណាច់ខែធ្នូ ឆ្នាំ២០២២នេះ គណៈកម្មការចម្រុះនឹងចុះពិនិត្យរួមគ្នានៅកន្លែងហូបចុក ស្នាក់នៅ និងវាយតម្លៃចុងក្រោយ ដើម្បីឱ្យមានភាពកក់ក្តៅរួចរាល់ ត្រៀមទទួលស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ ភ្ញៀវអន្តរជាតិ ក្នុងពេលស៊ីហ្គេម ២០២៣ ក្នុងរង្វង់ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់។ ឯកឧត្តមថ្លែងបញ្ជាក់ថា៖ «ជារួមឯកឧត្តមបណ្ឌិត ថោង ខុន បានជំរុញឱ្យគណៈកម្មការជំនាញត្រួតពិនិត្យ និងវាយតម្លៃលើបញ្ហាទាំងនេះឱ្យបានហ្មត់ចត់បំផុត។ ចាប់ពីខែមករា ឆ្នាំ២០២៣ តទៅ ទាំងអស់គ្នាត្រូវចូលរួមធ្វើកិច្ចការរួមគ្នា នៅក្នុងមជ្ឈមណ្ឌលហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ»។

បើតាមឯកឧត្តម វ៉ាត់ ចំរើន នៅក្នុងជំហានបន្តបន្ទាប់ ថ្នាក់ដឹកនាំ និងមន្ត្រីនៃគណៈកម្មការជំនាញទាំងអស់ត្រូវធ្វើសំណើទៅអង្គភាពស្នូលរបស់ខ្លួន ដើម្បីមកបម្រើការរួម នៅក្នុងមជ្ឈមណ្ឌល ហ្គេមនេះ ដើម្បីសម្រប សម្រួលការងាររបស់គណៈកម្មាធិការជាតិ CAMSOC ត្រៀមឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ឱ្យមានដំណើរការដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបន្ថែមថា ជារួម ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការនានា ក្នុង ដំណើរការត្រៀមនេះបានរៀបរយស្ទើរទាំងអស់ហើយ ដោយនៅសេសសល់លើការងារតិចតួច ដែលត្រូវអនុវត្តន៍ការងារឱ្យស្របតាមផែនការឱ្យមានប្រសិទ្ធភាពប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *